(ភ្នំពេញ)៖ របាយការណ៍ដែល​ Fresh News ទទួលបាននៅព្រលប់ថ្ងៃច័ន្ទនេះ បានបង្ហាញឲ្យឃើញថា  កាលពីយប់មិញកម្លាំងសមត្ថកិច្ច សហការជាមួយ​ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​សារធាតុញៀន និងគ្រឿងស្រ​វឹង​នៅគ្រប់​ខណ្ឌ​ទូទាំងរាជធានី ដោយក្នុងនោះឃាត់បានមនុស្សចំនួន១២នាក់ រថយន្ត៦គ្រឿង និងម៉ូតូ៦គ្រឿង, ដោយតម្រូវឲ្យតម្កល់ប្រាក់កក់ ផាកពិន័យ១០០០ដុល្លារសម្រាប់រថយន្ត និង២០០ដុល្លារសម្រាប់ម៉ូតូ ថែមទាំងត្រៀមបញ្ជូនទៅកាន់តុលាការផងដែរ។  អ្នកទាំង១២នាក់ ដែលត្រូវបានឃាត់ខ្លួននោះ គឺលើសជាតិស្រវឹងរហូតដល់០.៦០មីលីក្រាម។

ឧត្តមសេនីយ៍ រ៉ុន រ័ត្នវាសនា បានថ្លែងឲ្យដឹងថា នៅយប់ថ្ងៃទី២៥ ខែមករានេះ កម្លាំងរបស់លោក និងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នឹងដាក់ប្រមាណជិត១០គោលដៅទៀត ដើម្បីត្រៀមត្រួតពិនិត្យសារធាតុញៀន និងគ្រឿងស្រ​វឹង​នៅគ្រប់​ខណ្ឌ​ទូទាំងរាជធានីភ្នំពេញ។

សូមរំលឹកថា ក្នុងការត្រួតពិនិត្យប្រសិនបើបងប្អូនណាដែល​ កំលាំងសម្ថកិច្ចត្រួតពិនិត្យ​រកឃើញថា មានកំរិតផ្ទុកជាតិអាកុលចាប់ពី​ ០,៤០​​​មីលីក្រា​ម ក្នុង​១​លីត្រខ្យល់ឡើងទៅ នឹងត្រូវផ្តន្ទាទោស ដាក់ពន្ធនា​គារចាប់ពី១ខែដល់៦ខែ​ និងត្រូវពិន័យជាប្រាក់ថែមទៀត៕