(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វិធានការជំរុញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ស្អែកនេះ នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់អំពីចក្ខុវិស័យ ព្រមទាំងវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការជំរុញផលិតផលកសិកម្មឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការប្រកួតប្រជែងក្នុងតំបន់ និងនៅលើពិភពលោក ក្នុងឱកាសនៃកាលានុវត្តភាព ដើម្បីជំរុញឲ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាភាពល្អប្រសើរឡើង នៃជីវភាពរស់នៅរបស់ប្រជាកសិករកម្ពុជា។

ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា សន្និសីទសារព័ត៌មាននេះ មានការសម្របសម្រួលពី លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងមានការអញ្ជើញចូលរួមជាវាគ្មិនពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕