(ស្ទឹងត្រែង)៖ មន្ត្រីជលផលខេត្ត និងអាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែង បានដាក់វិធានការឱ្យប្រជាអ្នកនេសាទចាកចេញពីតំបន់ហាមខាត់ ដែលកំពុងរស់នៅលើកោះ ក្នុងអាងទឹកវារីអគ្គិសនីសេសានក្រោម២ និងបញ្ឈប់ការធ្វើនេសាទនៅតំបន់នោះ ដើម្បីថែរក្សាធនធានមច្ឆជាតិ ឱ្យសម្បូរបែបឡើងវិញ ជាពិសេសនៅខាងលើអាងទំបន់វារីអគ្គិសនីសេសានក្រោម២។

ក្នុងឱកាសចុះជួបប្រជាអ្នកនេសាទ និងផ្សព្វផ្សាយច្បាប់ជលផលបន្ថែម នៅចំណុចស្រែតាចាន់ ភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ លោក ទុំ នីរ៉ូ នាយខណ្ឌជលផលខេត្ត បានបញ្ជាក់ថា នៅអាងទំនប់វារីអគ្គិសនីសេសានក្រោម២នេះ ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ បានដាក់បញ្ចូលជាតំបន់អភិរក្សត្រីមេពូជ ហាមមិនឱ្យចូលធ្វើនេសាទក្នុងតំបន់នោះទេ។

លោក ទុំ នីរ៉ូ បានបន្តថា គោលបំណងនេះអភិរក្ស ពពួកត្រីត្រសក់, ត្រីរាជ, ត្រីគល់រាំង, ត្រីខ្លា ដែលជាពពួកត្រីស្ថិតនៅក្នុងការគម្រាមកំហែងជិតផុតពូជ ឱ្យវាស្ថិតនៅបន្តពូជពង្ស ព្រោះបច្ចុប្បន្នពូជត្រីទាំងនេះ វាកំពុងរងទៅ និងរងការផុតពូជ។

បើតាមលោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានគាំទ្រយន្តការនេះ ព្រោះបន្ទាប់ពីមានទំបន់វារីអគ្គិសនី មកប្រជាអ្នកនេសាទមករស់នៅ និងធ្វើនេសាទជាច្រើនរយគ្រួសារហើយ ខាងអាជ្ញាធរមានចំណាត់ការដែរ។

លោកបានអះអាងថា «ថ្ងៃនេះយើងបានណែនាំឱ្យប្រជានេសាទទាំងអស់ ធ្វើលិខិតផ្លាស់ទីលំនៅឱ្យបានច្បាស់លាស់ បើមករស់នៅតំបន់នេះ ដើម្បីងាយស្រួលឱ្យអាជ្ញាធរឃុំស្រួលគ្រប់គ្រង ហើយយើង និងរកឃើញអ្នកល្មើសច្បាប់ត្រូវបណ្តេញចេញពីតំបន់នេះវិញ ដើម្បីការពារផលប្រយោជន៍របស់យើងទាំងអស់គ្នា»

លោក ហ៊ីមយូ សុះ អ្នកនេសាទនៅចំណុចស្រែតាចាន់ បានទទួលស្គាល់ថា នៅតំបន់នេះពិតជាមានប្រជាអ្នកនេសាទច្រើនមែនមករស់នៅ ដើម្បីតែជីវភាពប្រចាំថ្ងៃ ហើយការណែនាំរបស់អាជ្ញាធរបងប្អូន អ្នកនេសាទប្តេជ្ញាគោរពតាមការណែនាំ។

សូមបញ្ជាក់ថា នៅតំបន់ខាងលើទំនប់វារីអគ្គិសនី២នេះ ផ្នែកជំនាញជលផលបានបង្កើតក្រុមអភិរក្សត្រីមេពូជ នៅតំបន់វារីអគ្គិសនីសេសានក្រោម២ រួចហើយ តែនៅខ្វះកម្លាំងសហការ៕