(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋខ្មែរឥស្លាម ប្រមាណជាង៣០ គ្រួសាររស់នៅក្នុងភូមិចុងកោះ និងភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ សុំឱ្យអាជ្ញាធរក្រុងកំពង់ឆ្នាំង ផ្អាកការចាក់ដីលុបទួលផ្នូរបុរាណពីដូនតារបស់ពួកគាត់ ជាបណ្តោះអាសន្ន ដោយរង់ចាំធ្វើការដោះស្រាយ និងសម្របសម្រួលគ្នាសិន ដែលករណីនេះ កាលពីល្ងាចថ្ងៃទី០៤ ខែសីហា ក្រុមការងារធ្វើផ្លូវ របស់សាលាក្រុងកំពង់ឆ្នាំង បានចាក់ដីលុបដីទួលផ្លូរបុរាណរបស់ពួកគាត់ជិតអស់ទៅហើយ ដោយគ្មានដំណោះ ស្រាយច្បាស់លាស់កន្លងមក។
លោកតា ម៉ាត់ ម៉ាន ដែលសព្វថ្ងៃលោកតាមានអាយុជិត ៨០ឆ្នាំទៅហើយនោះ និងជាសង្ក្រាជវិហារឥស្លាម ក្នុងភូមិចុងកោះ បានឱ្យដឹងថា ការចាក់ដីលុបផ្នូរបុរាណនេះ គ្មានអ្នកណាឱ្យគាត់ដឹងឡើយ និងកន្លងមកក៏គ្មានអ្នកណាហៅគាត់មកសាកសួរ ដើម្បីដោះស្រាយរឿងធ្វើផ្លូវ ដែលមានផលប៉ះពាល់ដីទួលផ្នូរបុរាណនេះដែរ។ ក្នុងនាមគាត់ជាសង្គ្រាជតំណាងឱ្យសាសនិកខ្មែរឥស្លាមនៅក្នុងភូមិនេះ មិនបានដឹងអ្វីឡើយ ទើបតែថ្ងៃនេះពេលគាត់ដឹង គឺគេបានចាក់ដីលុបពីលើផ្នូរបុរាណនោះអស់ទៅហើយ។
ដោយឡែកលោក រ៉េម ឯល តំណាងប្រជាពលរដ្ឋខ្មែរឥស្លាមដែលបានធ្វើការតវ៉ា បានឱ្យដឹងថា ដីផ្លូរបុរាណនេះមានតាំងពីឆ្នាំ១៩៥៨ ដែលមកដល់ ពេលនេះមានបញ្ជុះសពដូនតា អាចនឹងរហូតទៅដល់រាប់ពាន់សពជាន់ៗ លើគ្នានៅគ្រប់ជំនាន់ ប៉ុន្តែ កាលពីល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ត្រូវបានក្រុមការងារធ្វើផ្លូវចាក់ដីលប់ផ្នូរជិតអស់ទៅហើយ ថែមទាំងលុបបាត់នៅផ្លាកព្រលឹង និងអត្តសញ្ញាណរបស់សពដូនតារបស់ពួកគាត់ថែមទៀតផង ដោយប្រជាពលរដ្ឋដែលមានដូនតាបញ្ចុះនៅទីនេះ មិនបានដឹងឡើយ។
នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ លោក ទូច សារ៉េត (ហៅទុយ) មេភូមិចុងកោះវិញ បានឆ្លើយប្រាប់ក្រុមអ្នកយកព័ត៌មាន ឱ្យដឹងថា រឿងនេះលោកមិនបានដឹងទេ ព្រោះបានប្រគល់ការងារនេះ ជូនលោក សាន់ គ្រីយ៉ា អនុភូមិចុងកោះនេះ ជាអ្នកគ្រប់គ្រងខ្មែឥស្លាមនៅក្នុងភូមិនេះ ជូនដំណឹងប្រជាពលរដ្ឋខ្មែរឥស្លាម គ្នាគាត់ដែរ តែមិនដឹងជាគាត់បានជូនដំណឹងហើយ ឬក៏នៅឡើយនោះទេ។
ចំណែកលោក សាន់ គ្រីយ៉ា នៅពេលប្រជាពលរដ្ឋខ្មែរឥស្លាមផ្ទុះការតវ៉ានេះ មិនមានវត្តមាននៅទីនោះទេ នឹងមិនបានផ្តល់កិច្ចសម្ភាសន៍ ជាមួយក្រុមអ្នកយកព័ត៌មានយើងឡើយ។
ទាក់ទងនឹងការតវ៉ានេះ លោក បេ សារុំ អភិបាលរងក្រុងកំពង់ឆ្នាំង ជាអ្នកចុះមកត្រួតពិនិត្យការធ្វើផ្លូវនេះ បានឱ្យដឹងថា កាលពីល្ងាចមិនឃើញមានការតវ៉ាអ្វីឡើយ ហើយនៅព្រឹកនេះបើមានការតវ៉ាពីប្រជាពលរដ្ឋ ដូច្នេះ លោកនឹងឱ្យក្រុមការងារធ្វើផ្លូវគេចចេញពីដីទំនាស់នេះ ដើម្បីស្តាប់តាមសំណូមពររបស់ប្រជាពលរដ្ឋសិន ហើយលោកក៏បានរាយការណ៍ជូនលោកអភិបាលក្រុង និងលោកអភិបាលខេត្ត ដើម្បីធ្វើការដោះស្រាយពីបញ្ហាផលប៉ះពាល់ខាងលើនេះផងដែរ។
ដោយឡែកក្រោយពីតំណាងប្រជាពលរដ្ឋខ្មែរឥស្លាម ក្នុងភូមិទី៤ និងភូមិចុងកោះ បានប្រជុំពិភាក្សាគ្នាជាមួយលោកតាសង្ក្រាជវិហារឥស្លាមរួចមកលោក កូប ហ្វារី ភូឈួយទី១ (អនុសង្គ្រាជ) នៃវិហារឥស្លាម ភូមិចុងកោះ បានឱ្យដឹងថា ដំណោះស្រាយតាមសំណូមពរប្រជាពលរដ្ឋខ្មែរឥស្លាមភាគច្រើន គឺសុំឱ្យអាជ្ញាធរខេត្តឆ្វៀលទុកដីទួលផ្នូរខ្មែរ-ឥស្លាម ឱ្យនៅដដែល ហើយត្រូវចាក់ដីឱ្យខ្ពស់ផុតពីផ្លូវចំនួនកន្លះម៉ែត្រ បន្ទាប់មកប្រជាពលរដ្ឋខ្មែរឥស្លាម និងរៃអង្គាសប្រាក់គ្នា ដើម្បីធ្វើរបងថ្មព័ទ្ធជុំវិញផ្នូរនេះ ហើយធ្វើជាសួនដាំផ្កាពីលើដីទួលផ្នូរនេះ ទុកធ្វើជាកន្លែងគោរពបូជា ដោយពួកគាត់សុំឱ្យធ្វើផ្លូវថ្នល់ចៀសពីដីទួលផ្នូរបុរាណមួយនេះ ដែលមានទំហំផ្នូរសពបុរាណមានទទឹង ៧ម៉ែត្រ បណ្ដោយ ៣៥ម៉ែត្រ ដែលត្រូវប៉ះពាល់។
ការសំណូមពររបស់ប្រជាពលរដ្ឋខ្មែរឥស្លាមខាងលើនេះ ខាងអាជ្ញាធរក្រុងកំពង់ឆ្នាំង បានប្រាប់តំណាងរបស់ពួកគាត់ថា អាជ្ញាធរក្រុងនឹងធ្វើរបាយការណ៍ដាក់ជូនទៅលោកអភិបាលខេត្ត ដើម្បីពិនិត្យ និងសម្រេចក្នុងរឿងនេះ៕