(កណ្ដាល)៖ លោក អ៊ូ ឈៀង អភិបាលស្រុកកៀនស្វាយ ខេត្តកណ្តាល បានព្រមានចាត់វិធានការតាមច្បាប់ និងឲ្យបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពយ៉ាងអនាធិបតេយ្យរបស់មនុស្សមួយក្រុម បានអូសនាំពលរដ្ឋរាប់សិបនាក់ទៅចាប់យកដីធ្វើជាកម្មសិទ្ធិរបស់ខ្លួន នៅឃុំបន្ទាយដែក ដែលអាចនាំឲ្យកើតចលាចលនៅតាមមូលដ្ឋាន។
ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ អភិបាលស្រុកកៀនស្វាយ បានបញ្ជាក់ថា មានមនុស្សមួយក្រុមបាន បំផុសបំផុលឱ្យពលរដ្ឋទៅកាន់កាប់រំលោភយកដីកម្មសិទ្ធិអ្នកដទៃ នៅឃុំបន្ទាយដែក ហើយនោះជាទង្វើខុសច្បាប់ ដូច្នេះសូមឱ្យបញ្ឈប់ជាបន្ទាន់ព្រោះនាំឱ្យកើតចលាចល ។
លោកអភិបាលស្រុកបានបន្ថែមថា «ករណីបំផុសបំផុលនេះ មានមេក្លោងប៉ុន្មាននាក់ ដើរញុះញង់ប្រជាជនឱ្យទៅយកដីគេទាំងកំរោល ដោយមិនគិតថា ជាដីកម្មសិទ្ធិនរណានោះឡើយ ដែលរូបភាពមើលទៅអនាធិបតេយ្យ»។
ដោយសារតែបញ្ហានេះ នាពេលកន្លងទៅថ្មីៗ លោកអភិបាលស្រុក ធ្លាប់បើកវេទិការសាធារណៈពន្យល់ពលរដ្ឋឱ្យយល់ពីនីតិវិធី និងភូមិសាស្ត្រដីតំបន់នេះ ពិសេសផ្ដោតសំខាន់ទៅលើកម្មសិទ្ធិ ផ្ទាល់ខ្លួនដែរ មានម្ចាស់ដីមានប្លង់កម្មសិទ្ធិត្រឹមត្រូវតាំងពីឆ្នាំ២០១៧មកម្ល៉េះ។ លោកថា ប៉ុន្តែបែរជាពលរដ្ឋចោទប្រកាន់លោកអភិបាលស្រុកឃុបឃិតគ្នា ត្រូវរ៉ូវគ្នាជាមួយឈ្មួញអ្នកមានលុយទៅវិញ ហើយបង្កើនសកម្មភាពរបស់ខ្លួនដោយមិនញញើតច្បាប់នោះឡើយ។
លោកអភិបាលស្រុកថា បើសិនលោកទទួលបានពាក្យបណ្ដឹងពីម្ចាស់ដីលើករណីនេះ លោកនឹងដោះស្រាយតាមនីតិវិធី។
ទន្ទឹមនឹងករណីនេះដែរ ពលរដ្ឋដែលមានដីមានប្លង់កម្មសិទ្ធិនៅម្ដុំនោះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះដីនេះទិញពីពលរដ្ឋម្ចាស់ដីដោយឱ្យលុយពេញថ្លៃហើយមានលិខិតស្នាមទទួលស្គាល់ពីអាជ្ញាធរ ពិសេសមានប្លង់កម្មសិទ្ធិត្រឹមត្រូវថែមទៀតផង។ បើសិនជាពលរដ្ឋទាំងនោះបន្តសកម្មភាពបែបនេះទៀត គឺដូចជាប្លន់ទាំងរស់អីចឹងដែរ។