(បន្ទាយមានជ័យ)៖ ក្នុងស្ថានភាពស្រូវវស្សា និងស្រូវសែនក្រអូប កំពុងប្រឈមនឹងកង្វះទឹក រដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្ត, ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត, ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរស្រុក ឃុំភូមិ បានចុះពិនិត្យមើលស្ថានភាពស្រូវប្រាំងរងការខូចខាត និងប្រឈមខ្វះខាតទឹក នៅឃុំចំណោម ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។

លោក ប៉ាង វណ្ណាសេដ្ឋ មន្ទីរកសិកម្ម បានឱ្យដឹងថា ឆ្នាំនេះដោយសាររបាយទឹកភ្លៀងធ្លាក់ពុំបានសព្វល្អ ពីតិចទៅមធ្យម ជាហេតុធ្វើឱ្យដំបន់ដាំដុះដំណាំស្រូវមួយចំនួន បានរងផលប៉ះពាល់ ដោយគ្រោះរាំងស្ងួតចំនួន ៤៨,៨៨២ហិកតា នៃផ្ទៃដីអនុវត្តន៍បាន ៦៦,០០០ហិកតា ស្ថានភាពស្រូវខូចខាត ដោយធ្វើការប្រឈមខ្វះខាតទឹកយ៉ាងខ្លាំង ក្នុងស្រុកមង្គលបូរី មានចំនួនជាង៧,០០០ ហិកតា ដោយឡែកស្រុក ក្រុងផ្សេងៗ តាមរបាយការណ៍ គឺប្រឈមផលប៉ះពាល់ដោយកត្តាគ្រោះរាំងស្ងួត មិនឈានដល់ខូចខាតទាំងស្រុងនោះទេ។

លោកបានបន្តថា ចំពោះស្រូវប្រាំងដែលជាប្រភេទស្រូវសែនក្រអូប នៅតំបន់នេះដែលអ្នកភូមិតែងនាំគ្នាធ្វើនោះ គឺពិតជាខូចខាតទាំងស្រុង ដោយឡែកស្រូវវស្សាវិញ គឺនៅអាចជួយសង្គ្រោះបាន ព្រោះមានរយៈពេលវែងទៀត អាចនឹងទទួលបានទឹកភ្លៀង និងការជួយបូមសង្គ្រោះពីកត្តាផ្សេងៗបាន។

ចំណែកលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧត្តុរនិយមខេត្ត ក៏បានលើកថា ដោយសារកត្តាបម្រែបម្រួលអាកាសធាតុ ដើមរដូវវស្សា ក្នុងឆ្នាំ២០២០នេះ នៅទីតាំងខាងលើនេះ មិនសូវទទួលបានភ្លៀងធ្លាក់ជោគជាំនោះទេ ម្យ៉ាងទៀតដោយសារមើលឃើញពីទិន្នផលទទួលបានពីការធ្វើស្រែបង្កើន រដូវស្រែប្រាំងប្រជាពលរដ្ឋបាននាំគ្នាធ្វើលើសផែនដែលទឹក មិនអាចស្រោចស្របបានពីទឹកស្ទឹងមង្គលបូរី។

លោកបានបន្តថា កន្លងមកជំនាញធនធានទឹកខេត្ត បានសហការជាមួយស្រុក ចុះដាក់ម៉ាស៊ីនបូមទឹកពីស្ទឹងទៅស្រោចស្រព និងសហការបើកបង្ហូរមកពីស្ទឹងបវិល និងអាងកំពីងពួជាដើម នៅស្រុកភ្នំស្រុកក៏បានបើកបង្ហូទឹកពីអាងត្រពាំងថ្ម ទៅជួយសង្គ្រោះផ្នែកខាងក្រោមផងដែរ និងស្រុកព្រះនេត្រព្រះ។ ដោយមានការណែនាំ និងយកចិត្តទុកដាក់ចង្អុលបង្ហាញពីសំណាក់ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ។

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចាត់ការបន្ទាន់ដោយនាំយកគម្រោងអណ្តូងទឹកស្អប់ចំនួន ១៣គម្រោង ឃួងទៅជោគជ័យ៦ អណ្តូងអាចយកទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្របដំណាំកសិកម្មជាដើម។

លោក អ៊ុំ រាត្រី បានថ្លែងថា ជាវិធានការដោះស្រាយបន្ទាន់ គឺឱ្យអាជ្ញាធរឃុំ ចុះពិនិត្យស្រង់ទិន្នន័យជាក់លាក់ ពីផលប៉ះពាល់ និងដំណាំស្រូវខូចខាតរបស់ប្រជាពលរដ្ឋ ដើម្បីស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីស្នើសុំស្បៀងបន្ទាន់ និងស្រូវពូជផ្តល់ជូនកសិករខ្វះខាតបន្តដាំដុះឡើងវិញតាមពេលវេលាជាក់ស្តែង។

ក្នុងឱកាសនោះលោកបានជំរុញដល់ជំនាញធនធានទឹកខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានបន្តពិនិត្យសិក្សាលទ្ធភាពស្តារអាងទឹកបុរាណ ប្រឡាយនានា ជាបន្ទាន់បន្ថែម ដើម្បីស្តុកទឹកឱ្យបានល្អប្រសើរថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការដាំដុះបង្ករបង្កើនផលរបស់ពុកម៉ែ ប្រជាកសិករនាពេលបច្ចុប្បន្ននេះ។

លោកបានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរដែនដី រួមជាមួយជំនាញពាក់ព័ន្ធបានធ្វើការរិះរកដំណោះស្រាយគ្រប់ផ្នែកទាំងអស់ ដើម្បីដោះស្រាយជូនប្រជាកសិករជាទូទៅក្នុងខេត្ត ដោយឡែកក្នុងស្រុកមង្គលបូរី ទាំងជំនាញធនធានទឹក ជំនាញកសិករ និងអភិវឌ្ឍន៍ជនបទ៕