(ហូឡង់)៖ ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបើកការវាយប្រហារទូទាំងពិភពលោក ហើយគ្រោងនឹងធ្វើការវាយប្រហារខ្លាំង លើតំបន់អឺរ៉ុប បន្ទាប់ពីបើកការវាយប្រហារភេរវកម្ម នៅក្នុងទីក្រុងប៉ារីស នេះបើតាមការលើកឡើងពីលោក Rob Wainwright ប្រធានប៉ូលិស Europol ចេញផ្សាយដោយព័ត៌មានស៊ិនហួរ ចេញផ្សាយនៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ។

លោកបន្តថា «ក្រុម ISIS បានអភិវឌ្ឍន៍នូវសមត្ថភាព ប្រយុទ្ធថ្មីមួយ ដើម្បីបើកការវាយប្រហារ ភេរវកម្មទ្រង់ទ្រាយធំ នៅទូទាំងពិភពលោក ដោយផ្តោតជាសំខាន់ លើតំបន់អឺរ៉ុប»។ លោក Wainwright បានបង្ហាញអំពីការស្វែងរក របាយការណ៍ថ្មីមួយ របស់ប៉ូលិស Europol លើការផ្លាស់ប្តូរពីរបៀប ប្រតិបត្តិការរបស់ក្រុមឧទ្ទាម។ ក្រុម ISIS បានអះអាងទទួលស្គាល់ថា ការវាយប្រហារថ្ងៃទី១៣ ខែវិច្ចិកាកន្លងទៅ​ នៅក្នុងទីក្រុង Paris បណ្តាលឲ្យមនុស្ស ១៣០នាក់ស្លាប់ ហើយបានចេញផ្សាយវីដេអូមួយ នៅថ្ងៃអាទិត្យ ដោយមានក្រុមឧទ្ទាមចំនួន៩នាក់ ដែលពួកគេបានធ្វើការគម្រាមកំហែង លើបណ្តាប្រទេសជាច្រើន ក្នុងនោះរួមទាំងចក្រភពអង់គ្លេសផងដែរ។

ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាម៉េរិក បានធ្វើការប្រយុទ្ធប្រឆាំង ក្រុម ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីខែសីហា ឆ្នាំ២០១៤ ហើយនៅក្នុងប្រទេសស៊ីរី ចាប់តាំងពីខែកញ្ញា ឆ្នាំមុន។ ការងារមួយក្នុងចំណោមការងារដ៏សំខាន់ នៃមជ្ឈមណ្ឌលប្រឆាំងអំពើភេរវកម្ម Europol គឺប្រមូលព័ត៌មានលម្អិតលើប្រជាជនអឺរ៉ុប ប្រមាណ ៥,០០០នាក់ ជាអ្នកដែលបានទៅប្រយុទ្ធ ជាមួយនឹងក្រុម ISIS នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ខណៈបច្ចុប្បន្នធ្វើបានលើមនុស្សចំនួន ៣,៧០០នាក់ហើយ ដែលជាក្រុមសកម្មប្រយុទ្ធ ពាក់ព័ន្ធនឹងតំបន់ជម្លោះ នេះបើតាមការបញ្ជាក់ពីលោក Wainwright៕