(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានី បានដាក់បទបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវសហការគ្នារក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អ ក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង បានលើកឡើងថា កិច្ចការការពារសន្តិសុខ សណ្ដាប់ធ្នាប់ គឺជាកិច្ចការងារ ដែលអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវយកចិត្តទុកដាក់ពិសេស ក្នុងអំឡុងពេល នៃការឈប់សម្រាកចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ខាង មុខនេះ។

លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា «អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចទាំងអស់ រួមទាំងមន្ទីរពាក់ព័ន្ធផង ត្រូវរួមសហការគ្នា ដើម្បីធ្វើយ៉ាងណារក្សាឲ្យបាន នូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងឱកាស នៃថ្ងៃឈប់សម្រាកប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រៅពីការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋហើយនោះ ការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ក៏ជារឿងសំខាន់ខ្លាំងមួយដែរ ដែលយើងត្រូវរួមគ្នាដើម្បីពង្រឹង និងទប់ស្កាត់ឲ្យបានទៅតាម ការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល»

ក្រៅពីការងារខាងលើ អភិបាលរាជធានីភ្នំពេញ ក៏បានដាស់តឿនប្រធានមន្ទីរមួយចំនួន ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវស្តាប់តាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលជារដ្ឋបាលថ្នាក់ក្រោមជាតិ តែក៏មិនអាចផ្តាច់បានពីក្រសួងដែរ ហើយការងារដែលត្រូវធ្វើនោះ គឺការបម្រើប្រជាពលរដ្ឋ៕