(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ បានរៀបចំសិក្ខាសាលា ស្តីពីការធ្វើរបាយការណ៍ ទិន្នន័យសម្រាប់សូចនាករតាមដានរបស់ក្របខ័ណ្ឌការងារសេនដាយ ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០១៥-២០៣០។

សិក្ខាសាលាដែលធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឡាំ ហេងហួត អនុប្រធាន និងជាអគ្គលេខាធិការ តំណាងទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

សមាសភាពចូលរួមក្នុងសិក្ខាសាលានេះមានតំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធរួមមាន៖ ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងសាធារណៈការ និងដឹកជញ្ជូន, ក្រសួងធនធានទឹកនិងឧតុនិយម, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងអប់រំ យុវជននិងកីឡា, តំណាងមន្ទីរពាក់ព័ន្ធខេត្ត និងគណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយខេត្ត។

លោក ឈុំ សុវណ្ណនី អ្នកវិភាគកម្មវិធី UNDP បានឱ្យដឹងថា បន្ទាប់ពីមានគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅឆ្នាំ២០១១ ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ តម្រូវឱ្យមានការយល់ដឹងតាមប្រព័ន្ធមានលក្ខណៈវិទ្យាសាស្រ្តអំពីផលប៉ះពាល់ បង្កដោយគ្រោះមហន្តរាយនៅតាមមូលដ្ឋានសហគមន៍ (ឃុំ/សង្កាត់)ជាកត្តាចាំបាច់។ រាជរដ្ឋាភិបាលកម្ពុជា ដោយមានជំនួយឧបត្ថម្ភបច្ចេកទេសពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានបង្កើតប្រព័ន្ធទិន្នន័យការបាត់បង់ និងខូចខាត បង្កដោយគ្រោះមហន្តរាយនៅកម្ពុជា (CamDi–http://camdi.ncdm.gov.kh) និងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែកក្កដា ឆ្នាំ២០១៤។

ប្រព័ន្ធទិន្នន័យ CamDi នេះត្រូវបានបង្ហោះជាសាធារណៈ ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) ហើយទិន្នន័យត្រូវបានបើកឱ្យប្រើប្រាស់សម្រាប់ក្រសួងស្ថាប័ន អង្គភាពពាក់ព័ន្ធ រួមទាំងអ្នករៀបចំផែនការ និងអ្នកស្រាវជ្រាវនានាអាចទាញយកទិន្នន័យមកប្រើប្រាស់បានដោយឥតគិតថ្លៃ។

ប្រព័ន្ធទិន្នន័យ CamDi បានផ្តល់ជាទិន្នន័យ និងព័ត៌មាន សម្រាប់រៀបចំផែនការអភិវឌ្ឍន៍ ជួយដល់ការសម្រេចចិត្តរបស់ពួកគាត់ក្នុងការចាត់ចែង ដើម្បីកាត់បន្ថយផលប៉ះពាល់បង្កដោយគ្រោះមហន្តរាយតាមរយៈការលើកកម្ពស់ការយល់ដឹង។

កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការជាមួយ គ.ជ.គ.ម. កំពុងធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យាកម្មវិធី CamDi លើបណ្ដាញ Internet ដើម្បីអាចបំពេញនូវទិន្នន័យគ្រប់យ៉ាងរបស់សូចនាករ តាមដានរបស់ SFDRR ។ ការធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យានេះរួមមាន កិច្ចពិភាក្សាជាមួយក្រសួងមន្ទីរជំនាញ អំពីទម្រង់ទិន្នន័យ តាមវិស័យរបស់ពួកគេ និងការបណ្ដុះបណ្ដាលបច្ចេកទេស ស្ដីពីការធ្វើរបាយការណ៍ទិន្នន័យពីព្រឹត្តិការណ៍ គ្រោះមហន្តរាយនីមួយៗ ដែលបំពេញនូវគ្រប់ទិន្នន័យ ដែលជាតម្រូវការសម្រាប់គណនារកសូចនាករ SFDRR ។

លោក ឡាំ ហេងហួត បានថ្លែងអំណរគុណដល់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានអញ្ជើញចូលរួម និងបានផ្តល់កិច្ចសហការកន្លងមក ព្រមទាំងលើកទឹកចិត្តឱ្យ អង្គសិក្ខាសាលាទាំងមូលចូលរួមពិនិត្យនិងពិភាក្សាផ្តល់ធាតុចូលឱ្យបានផុលផុសលើរបាយការណ៍លទ្ធផលនៃការសិក្សាវាយតម្លៃតម្រូវការអភិវឌ្ឍន៍ប្រព័ន្ធ Camdi នេះឱ្យបានកាន់តែប្រសើរ។ អង្គសិក្ខាសាលាបានបញ្ចប់ប្រកបដោយបិរយាកាសសហប្រតិ្តបត្តិការស្និទ្ធស្នាល និងសាមគ្គីភាព៕