(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ បានស្នើដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលរស់នៅជុំវិញផ្សារធំថ្មីពោធិ៍សាត់ ត្រូវធ្វើជាគម្រូមុនគេ ក្នុងការបញ្ឈប់ការផ្តល់ទីតាំងលក់ដូរអនាធិបតេយ្យ ជាថ្នូរនឹងប្រាក់កម្រៃបន្តិចបន្តួច ដើម្បីឱ្យប្រជាពលរដ្ឋមានការភ្ញាក់រលឹក និងមានការចូលរួមទាំងអស់គ្នា ទៅលើសោភណ្ឌភាព និងបរិស្ថានជុំវិញផ្សារ។

លោកអភិបាលខេត្ត បានស្នើបែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ លើកទី២ ឆ្នាំទី២ អាណត្តិទី៣ នៅសាលប្រជុំសាលាខេត្ត ដែលពិធីនេះស្ថិតក្រោមអធិបតីភាព លោក ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់។

លោក ម៉ៅ ធនិន បានបន្តថា បច្ចុប្បន្ននេះយើងបានរៀបចំផ្លាស់ប្តូរទីតាំងថ្មី ពីការលក់ដូរពាសវាលពាសកាល មកលក់ដូរឱ្យមានសណ្តាប់ធ្នាប់ នៅផ្សារភួពុយ ដែលផ្តល់ជូនអាជីវករលក់ដូរដោយឥតគិតថ្លៃ រហូតដល់ចន្លោះពី៣ ទៅ៥ឆ្នាំឯណោះ។ តែដោយមានការសម្រួល និងផ្តល់ទីតាំងលក់ដូរយ៉ាងអនាធិបតេយ្យ ជាថ្នូរនឹងប្រាក់កម្រៃបន្តិចបន្តួច ពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារថ្មីពោធិ៍សាត់នោះ ធ្វើឱ្យអាជីវករខ្លះនៅតែរឹងទទឹងចំពោះការផ្លាស់ប្តូរនេះ។

លោកអភិបាលខេត្ត បន្ថែមថាដើម្បីរក្សាសោភណ្ឌភាព សណ្តាប់ធ្នាប់ផ្សារ និងបញ្ជៀសការកក់ស្ទះចរាចរណ៍ជុំវិញផ្សារពោធិ៍សាត់ លោកសូមស្នើដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលមានទីលំនៅជុំវិញផ្សារ ឬមានបងប្អូនដែលរស់នៅជុំវិញផ្សារថ្មីពោធិ៍សាត់ ត្រូវធ្វើការណែនាំពួកគាត់ និងធ្វើជាគម្រូមុនគេ ដើម្បីឱ្យប្រជាពលរដ្ឋមានការភ្ញាក់រលឹក និងមានការចូលរួមទាំងអស់គ្នា មុននឹងអនុវត្តន៍ច្បាប់។ យើងដឹងហើយថា ការអនុវត្តន៍ច្បាប់ គឺហាក់បីដូចជាយកភ្លើងទៅដុតយ៉ាងដូច្នេះឯង តែបើអស់លទ្ធភាពយើងត្រូវតែអនុវត្តន៍។ ដោយឡែកការអប់រំ ផ្សព្វផ្សាយ និងណែនាំពួកគាត់ឱ្យភ្ញាក់រលឹកចូលរួមទាំងអស់គ្នា វាពិតជាផ្តល់ផលល្អជាជាងការអនុវត្តន៍ច្បាប់។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរធម្មការ និងសាសនាខេត្ត ត្រូវសហការពន្លឿនការសិក្សាគម្រោងរៀបចំរថយន្តដង្ហែរសព ទៅតាមក្បួនខ្នាត រចនាបទ និងប្រពៃណីទំនៀមទំលាប់ខ្មែរ ដើម្បីឱ្យសាកសមទៅនឹងកិត្តិយស នៃសពរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់។ ហើយលោកនឹងពិនិត្យផ្តល់ជូនឈាបនដ្ឋាន នៅបរិវេណវត្តពោធិ៍សុទស្សន៍ សម្រាប់បូជាសពប្រជាពលរដ្ឋទូទៅ ដោយមិនគិតកម្រៃផងដែរ។

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ លើកទី២ ឆ្នាំទី២ អាណត្តិទី៣ មានរបៀបវារៈចំនួន៧ យកមកពិនិត្យ និងពិភាក្សា រួមមាន៖
*ទី១ ៖ ពិនិត្យកូរ៉ុម
*ទី២ ៖ ប្រសាសន៍បើកកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត
*ទី៣ ៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី១ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
*ទី៤ ៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ប្រចាំខែកក្កដា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត
*ទី៥ ៖ ស្ដាប់របាយការណ៍របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត
*ទី៦ ៖ បញ្ហាផ្សេងៗ
*ទី៧ ៖ ពិនិត្យ និងអនុម័ត សំណើសុំតែងតាំងមន្ត្រីរាជការសាលាខេត្ត៕