(ស្វាយរៀង)៖ លោកបណ្ឌិត អៀង អូននី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសមាគមអតីតកម្មសិក្សាការី JiCa កម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅជិតតំបន់ព្រំដែនកម្ពុជា-វៀតណាម ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះលទ្ធភាពចម្លងជំងឺកូវីដ១៩ រលកទី២ ដោយស្ថានភាពជំងឺនេះ នៅមិនទាន់ថមថយនៅឡើយទេដោយប្រទេសមួយចំនួននៅលើពិភពលោកក៏ចាប់ផ្ដើមផ្ទុះសារជាថ្មី។

ការអំពាវនាវបែបនេះ របស់លោកបណ្ឌិត អៀង អូននី បានធ្វើឡើងនៅក្នុងឱកាសដែលលោក និងក្រុមការងារអញ្ជើញចូលរួមនៅក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋ សិស្សានុសិស្សលោកគ្រូ អ្នកគ្រូនៅសាលាបឋមសិក្សាក្រសាំងជ្រុំ ស្ថិតនៅក្នុងភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០នេះ។

នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត ក៏បានកោតសរសើរដល់ក្រុមការងារទាំងអស់ដែលមានទឹកចិត្តស្រឡាញ់ប្រជាពលរដ្ឋ ក្នុងគ្រាដែលប្រទេសកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានចំណាយទាំងធនធាន និងកម្លាំងកាយចិត្ត ដើម្បីចុះមកជួបសិស្សានុសិស្សប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាក្រសាំងជ្រំ ដែលជាសាលារៀនមួយនៅដាច់ស្រយាល ជិតតំបន់ព្រំដែនកម្ពុជា-វៀតណាម។

លោកបណ្ឌិត អៀង អូននី បានបន្តថា សមាគមអតីតកម្មសិក្សាការី jica កម្ពុជា គឺជាសមាគមមួយដែលបង្កើតឡើងដោយមានការប្រមូលផ្ដុំអតីតកម្មសិក្សាការី ដែលទទួលការបណ្តុះបណ្ដាលពីប្រទេសជប៉ុន តាមរយៈអង្គការ jica ហើយបានចងក្រងជាសមាគមនេះឡើង ក្នុងន័យបំពេញបេសកកម្មមនុស្សធម៌ក្តី និងក្នុងន័យបេសកកម្មទាំងឡាយក្តី ដើម្បីជួយទៅដល់ប្រជាពលរដ្ឋា ព្រមទាំងជួយដល់សមាជិកសមាជិកាសមាគមនិងសិស្សនុសិស្សជំនាន់ក្រោយផងដែរ។ ដូច្នេះថ្ងៃនេះ ក្រោយពីទទួលព័ត៌មាន ថាមានប្រជាពលរដ្ឋ សិស្សានុសិស្សជាង១៥០គ្រួសារ មានការខ្វះខាតជាពិសេសក្នុងអំឡុងពេលពិភពលោកទាំងមូលកំពុងតែរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដូចកម្ពុជា កំពុងប្រឈមនឹងជំងឺនេះ ក្រុមការងារសមាគមតីតកម្មសិក្សាការី jica កម្ពុជាបានបានធ្វើការអំពាវនាវប្រម៉ែប្រមូលជាថវិកាក្តីជាសម្ភារក្តីដើម្បីពាំនាំ យកអំណោយមនុស្សធម៌មកចែកដល់សិស្សានុសិស្ស ប្រជាពលរដ្ឋនៅសាលាបឋមសិក្សាក្រសាំងជ្រំ ដែលនៅជិតតំបន់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីដោះស្រាយ និងសម្រាលនូវទុក្ខលំបាកបានមួយគ្រាផងដែរ។

ជាមួយគ្នានេះដែរ លោកក៏បានជំរុញដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ត្រូវមានការយកចិត្តទុកដាក់ថែរក្សាសុខភាពដោយធ្វើអនាម័យឱ្យបានជាប់ជាប្រចាំ លាងដៃ និងសាប៊ូ អាល់កុល ឬជែល ហើយគួរនៅឱ្យឆ្ងាយពីគ្នា ព្រោះជំងឺនេះអាចឆ្លងតាមរយៈទឹកមាត់ ផ្លូវដង្ហើម និងការចាប់ដៃគ្នា ជាពិសេសត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងស្ថានភាពបែបនេះ សូមមាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ ត្រូវជំរុញដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រនៅផ្ទះ និងតាមការណែនាំបង្រៀនរបស់ក្រសួងអប់រំឱ្យបានជាខ្ជាប់ខ្ជួន។

លោកបណ្ឌិត អៀង អូននី ក៏បានអំពាវនាវដល់អាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធទាំងអស់ នៅក្នុងឃុំគ្រួស ត្រូវបន្តការពារសន្តិសុខសណ្ដាប់ធ្នាប់ នៅក្នុងភូមិឋានឱ្យបានល្អ ជាពិសេសប្រជាកសិករត្រូវបង្កើនការដាំដុះ ចិញ្ចឹមសត្វ នៅក្នុងអំឡុងពេលប្រទេសយើងកំពុងតែរាលដាល នៃជំងឺកូវីដ-១៩ និងបង្កើនធ្វើស្រូវរដូវវស្សាឱ្យបានទាន់ពេលវេលាមួយវិញទៀត ត្រូវអប់រំកូនចៅឱ្យចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងគោរពច្បាប់ចរាចរណ៍ដោយត្រូវពាក់មួកសុវត្ថិភាព ពាក់ខ្សែរក្រវាត់ឱ្យបានត្រឹមត្រូវក្នុងពេលបើកបរ។

អំណោយដែលត្រូវចែកជូនដល់សិស្សានុសិស្សប្រជាពលរដ្ឋមានគ្រឿងឧបភោគបរិភោគ សៀវភៅ, ប៊ិច, ម៉ុង ក្នុងនោះលោក អៀង អូននី និងក្រុមការងារក៏បានប្រគេនទេយ្យទាន និងទៀនវស្សាដល់ព្រះសង្ឃ ព្រមទាំងបច្ច័យមួយចំនួនទៀតផងដែរ៕