(ឧត្តរមានជ័យ)៖ អ្នកទោសខ្មែរប្រុសស្រី ចំនួន៣នាក់ ត្រូវបានអាជ្ញាធរប្រទេសថៃ បញ្ជូនខ្លួនត្រឡប់មកវិញ ក្រោយជាប់ទោសចំនួន ២ឆ្នាំ ក្នុងទឹកដីថៃ ពីបទឆ្លងដែនខុសច្បាប់។

បើតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា នៅវេលាម៉ោង០១៖៣៦នាទីថ្ងៃទី០៨ ខែសីហាឆ្នាំ២០២០នេះ អាជ្ញាធរថៃ បានបញ្ជូនខ្លួនប្រជាពលរដ្ឋខ្មែរចំនួន ៣នាក់ តាមច្រកអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ដែលត្រូវទាហានថៃ ចាប់ខ្លួនកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូង ចូលតាមច្រកឈើទាលគង និងបាននាំទៅឃុំខ្លួននៅខេត្តឧប៊ុន ប្រទេសថៃ។

ប្រជាពលរដ្ឋខ្មែរទាំង៣នេះ រួមមានទី១៖ ឈ្មោះ សាយ សាលី ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិត្រាចខោ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ទី២៖ ឈ្មោះ សោម ម៉ន ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិទឹកក្រហម ឃុំអូរក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងទី៣៖ ឈ្មោះ ចាប លើម ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិមុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បន្ទាប់ពីបានស្គែនកម្តៅរកមេរោគកូវីដ-១៩ និងលាងសម្អាតខ្លួនប្រាណដោយទឹកអាល់កុល ពីមន្ត្រីចត្តាឡីសក័ប្រចាំច្រកព្រំដែនរួចមក សមត្ថកិច្ចបានធ្វើការអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពឆ្លងដែនខុសច្បាប់តទៅទៀត និងបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅឋានវិញរៀងៗខ្លួន៕