(ភ្នំពេញ)៖ ដោយក្តីអាណិតអាសូរ និងសង្វេគចំពោះទារិកា ដែលត្រូវឪពុក ម្តាយយកមកបោះចោលនៅគំនរសំរាមនោះ លោក នឹម ច័ន្ទតាណា និងលោកស្រី ប៉ុល មុន្នីរ័ត្ន នាំយកថវិកាចំនួន៣០០ដុល្លារ សម្ភារប្រើប្រាស់របស់ទារកមួយចំនួន និងគ្រឿងឧបភោគបរិភាគជាច្រើនទៀត យកទៅឧបត្ថម្ភដល់គ្រួសារដែលរើសទារិកាកំណត់នេះមកចិញ្ចឹម ដើម្បីចូលចំណែកកាត់បន្ថយការរំបាករបស់ពួកគាត់បានមួយចំនួន។

តាមរយៈអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០នេះ លោក នឹម ច័ន្ទតាណា និងលោកស្រី ប៉ុល មុន្នីរ័ត្ន បានថ្លែងទាំងភាពក្តុកក្តួលយ៉ាងដូច្នេះថា៖ «មីងឃើញគេផុសថាក្មួយស្រីត្រូវម្ដាយយកទៅចោលក្នុងគំនរ សំរាម មីងអាណិតក្មួយណាស់ អីឡូវមីងបានមកជួបក្មួយស្រីហើយ អ្នកដែលយកក្មួយមកចិញ្ចឹមពួកគាត់ជាមនុស្សល្អ មីងជូនពរក្មួយមានសុខភាពល្អសំណាងល្អពេញមួយជីវិត»

ជាមួយគ្នានូវទឹកចិត្តសប្បុរសធម៌នេះដែរ លោក នឹម ច័ន្ទតាណា និងលោកស្រី ប៉ុល មុន្នីរ័ត្ន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន ជាពិសេសយុវវ័យ ដែលភ្លើតភ្លើនក្នុងការសប្បាយ សូមត្រិះរិះពិចារណា សូមកុំសប្បាយជ្រុលហួស ដូចករណីមួយនេះជាដើម ព្រោះនេះជារឿងបុណ្យបាប។

លោក នឹម ច័ន្ទតាណា និងលោកស្រី ប៉ុល មុន្នីរ័ត្ន បានរៀបរាប់ដោយសង្វេគថា ទារកដែលគេយកទៅបោះចោលលើគំនរសំរាមគួរឱ្យអាណិត អាសូរពេក ដោយឃើញដូចនេះ ទើបលោកស្រី បាននាំយកនូវគ្រឿងសម្ភារប្រើប្រាស់របស់ទារិកា និងថវិកាព្រមទាំងសម្ភារគ្រឿងឧបភោគបរិភាគជាច្រើនទៀតយកទៅឧបត្ថម្ភដល់គ្រួសារជិតបុណ្យនេះផងដែរ។

លោក នឹម ច័ន្ទតាណា និងលោកស្រី ប៉ុល មុន្នីរ័ត្ន បានបន្ថែមថាយ៉ាងដូច្នេះថា៖ «វាជាកម្មក្រាស់ណាស់ ហើយក្មេងក៏មិនបានដឹងអីនោះទេ!។ ហើយនូវទីបញ្ចប់លោកស្រី បានថ្លែងអំណអរគុណណាស់ទឹកចិត្តបងស្រី ដែលមានចិត្តបុណ្យជួយសង្គ្រោះដល់ទារិករងគ្រោះ»