(កំពង់ឆ្នាំង)៖ ការដ្ឋានសាងសង់ផ្លូវអភិវឌ្ឍន៍មាត់ទន្លេផ្សារក្រោម ភូមិចុងកោះ ក្រុងកំពង់ឆ្នាំង ត្រូវបានបើកដំណើរការឡើងវិញហើយ នៅព្រឹកថ្ងៃស្អែកទី២៦ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីក្រុម​ការងារចម្រុះរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំងដឹកនាំដោយ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចម្រុះ និងមានការចូលរួមពីប្រធានមន្ទីរពត៌មានខេត្ត  ប្រធានមន្ទីរបរិស្ថាន និងមន្ទីរជំនាញ សាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង  បានចុះសម្របសម្រួល និងដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋចំនួន៥គ្រួសារ ដែលជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិ រួចរាល់នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥នេះ ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០១៦ ការដ្ឋានសាងសង់ផ្លូវរបស់​មន្ទីរសាធារណការខេត្តកំពង់ឆ្នាំង ដែលប្រព្រឹត្តទៅ​ក្រោមវត្តមាន​លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង ត្រូវបានអាក់ខាន​ដំណើរការខណៈ​គ្រឿងចក្រ កំពុងធ្វើសកម្មភាពឈូសឆាយបើកការដ្ឋាន​នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ស្រាប់តែមានក្រុមសកម្មជន គណបក្សប្រឆាំង ចេញមករារាំង។

លោកកែវពៅប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ការអភិវឌ្ឍន៍ផ្លូវនេះមានទទឹងបាត៣០ម៉ែត្រ ខ្នងលើ១០ម៉ែត្រ ប្រវែងជាង៤គីឡូម៉ែត្រ ចាប់ពីភូមិចុងកោះសង្កាត់ផ្សារឆ្នាំង រហូតដល់ភូមិទី១ សង្កាត់​ខ្សាម ចេញមកផ្លូវជាតិ​លេខ៥ ។

ការដ្ឋាននេះត្រូវបានផ្អាកដំណើរការនិងដកថយ​នៅវេលាម៉ោង​ប្រមាណ​១០ព្រឹកថ្ងៃដដែលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦បញ្ឈប់ដំណើរការ​ទៅវិញបន្ទាប់ពីគេសង្កេតឃើញ​មានក្រុមគ្រួសារសកម្មជន​ប្រមាណ៥គ្រួសារ របស់គណក្សសង្គ្រោះ​ជាតិប្រតិកម្មតវ៉ា នៅក្នុងនោះគេឃើញវត្តមាន លោក ដួង ចិត្រា ដែលជាក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង មកពីគណបក្សសង្គ្រោះជាតិ កំពុងជួបសកម្មជន​របស់ខ្លួនឲ្យ​មានការ​តវ៉ានេះ​កើតឡើង ៕