(ភ្នំពេញ)៖​ លោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន​ និងកីឡា បានថ្លែងថា​ តាមរយ:ព្រឹត្តិការណ៍ប្រកួតប្រជែងទេពកោសល្យពាណិជ្ជកម្មអេឡិចត្រូនិចសកល អាលីបាបា​ យុវជនកម្ពុជា​នឹងទទួលបានបទពិសោធន៍ និងមានឱកាសបង្ហាញសមត្ថភាពរបស់ខ្លួន​ ដើម្បីតំណាងឱ្យប្រទេសទៅចូលរួមប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។

លោកបណ្ឌិត សាន វឌ្ឍនា​ បានលេីកឡេីងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី០៨​ ខែសីហា​ ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានចូលរួមកម្មវិធី​ បេីកព្រឹត្តិការណ៍ប្រកួតប្រជែងទេពកោសល្យពាណិជ្ជកម្មអេឡិចត្រូនិចសកល អាលីបាបា ខណៈដែលមកដល់ពេលនេះកម្ពុជា​ បានឈានដល់ដំណាក់កាលជ្រើសរើសបេក្ខជនឆ្នើមពីវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្ត ដើម្បីបន្តវគ្គផ្តាច់ព្រ័ត្តសម្រាប់ថ្នាក់ជាតិនៅថ្ងៃទី១៤ ខែសីហាខាងមុខ។

ពិធីនេះក៏មានការចូលរួមពីលោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោកស្រី សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង រួមទាំងមានយុវជនចូលរួមជាច្រេីនាក់ទៀតផងដែរ។

លោកបណ្ឌិត សាន វឌ្ឍនា​ បានថ្លែងទៀតថា​ តាមរយៈកម្មវិធីនេះយុវជនកម្ពុជា​ នឹងក្លាយជាបញ្ចវ័ន្ត ដែលមានមុខមាត់នៅលើពិភពលោក​ ដែលរកដំណោះស្រាយជាមួយនិងបញ្ហារបស់ប្រជាជនទាំងអស់ទូទាំងពិភពលោកទៅលើផ្នែកទំនិញ ទំនាក់ទំនង ចំណេះដឹង ជាពិសេសការផ្សព្វផ្សាយការផ្លាស់ប្តូរនៃបច្ចេកវិទ្យាឌីជីថល របស់អង្គភាពនិមួយៗ​ រាប់បញ្ចូលទាំងឧស្សាហកម្ម​ និងសង្គម។

លោកស្រី សៀង ឯមទទឹម បានឱ្យដឹងដែរថា​ ក្រោយប្រកាសបើកព្រឹត្តិការណ៍ប្រកួតប្រជែងទេពកោសល្យពាណិជ្ជកម្មអេឡិចត្រូនិចសកល អាលីបាបា២០២០នេះ​ គោលបំណងគឺដេីម្បីរកដំណោះស្រាយបែបឌីជីថលសម្រាប់អាជីវកម្មបុគ្គល និងស្ថាប័នដែលរងការប៉ះពាល់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលធ្វើឡើងនៅតាមបណ្តាប្រទេសចំនួន១៥ផ្សេងគ្នារួមមាន៖ ចិន កម្ពុជា កូឡុំប៊ី បារាំង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងកូរ៉េខាងត្បូង ដែលមានការចាប់អារម្មណ៍ និងចូលរួមពីក្រុមនិសិ្សត យុវជន និងសហគ្រិនវ័យក្មេងជាច្រើនក្រុម។

សម្រាប់ក្រុមដែលបានចុះឈ្មោះចូលរួមប្រកួត​ក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងទេពកោសល្យពាណិជ្ជកម្មអេឡិចត្រូនិចសកលនេះ​ ចំពោះបេក្ខជនចំណាត់ថ្នាក់លេខ១ នឹងទទួលបាន ១៤,០០០ដុល្លារ​ នៃមូលនិធិអាជីវកម្ម, ដំណើរស្វែងរករបកគំហើញសេដ្ឋកិច្ចឌីជីថលនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន អាលីបាបា នៅទីក្រុងហាំងចូវ ប្រទេសចិន, ចុះឈ្មោះចូលរៀនជាមួយធនាគារ (Alibaba GET Talent) ដែលមានទំនាក់ទំនងជាមួយគ្រូបង្រៀន វិនិយោគិន និយោជក ប្រកបដោយសក្តានុពល និងឱកាសអាជីវកម្ម។ ចំពោះចំណាត់ថ្នាក់លេខ២ នឹងទទួលបាន ៧,០០០ដុល្លារ ៕