(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យផ្ញើព្រះរាជសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយរដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះមរណភាពរបស់លោក Kha Phieu អតីត អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម។

ក្នុងព្រះរាជសារផ្ញើជូនលោក NGUYEN PHU TRONG អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាមនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០នេះ ព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលថា «ខ្ញុំសូមសម្ដែងនូវការសោកស្ដាយដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះមរណភាពនៃឯកឧត្តម e Kha Phieu គឺជាការបាត់បង់ថ្នាក់ដឹកនាំដ៏ឆ្នើម និងល្អប្រពៃមួយរូប នៃប្រជាជាតិ និងប្រជាជនវៀតណាម ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសាធារណរដ្ឋសង្គមនិយមវៀតណាម»។

សូមបញ្ជាក់ថា ឡេ ខា ភៀវ (LE KHA PHIEU) អតីតអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុនីស្តវៀតណាមទទួលមរណភាពនៅម៉ោង ២៖៥២នាទីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅរដ្ឋធានីហាណូយ ក្នុងអាយុ ៨៩ឆ្នាំ។

លោក ឡេ ខា ភៀវ កើតឆ្នាំ១៩៣១ នៅឃុំ ដុង ឃេ (DONG KHE) ស្រុកដុងសឹន (DONG SON) ខេត្ត ថាញហ័រ (THANH HOA)។ ចាប់ពីឆ្នាំ១៩៦៤-១៩៩២ ឯកឧត្តម បានបម្រើការងារក្នុងជួរកងទ័ពរហូតដល់ឋានន្តរសកិ្តជាឧត្តមសេនីយ៍ឯកបម្រុង និងជាប្រធានអគ្គនាយកដ្ឋាននយោបាយ។

នៅឆ្នាំ១៩៩១ ក្នុងមហាសន្និបាតបក្សអាណតិ្តទី៧ លោកបានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស។ នៅខែមិថុនា ឆ្នាំ១៩៩៤ ក្នុងអង្គប្រជុំមជ្ឈឹមលើកទី៣ (អាណត្តិ៧) លោកបានជាប់ឆ្នោតចូលក្នុងគណៈលេខា ដល់ខែមករា ឆ្នាំ១៩៩៤ លោកបានជាប់ឆ្នោតជាសមាជិកការិយាល័យនយោបាយ និងនៅខែមេសា ឆ្នាំ១៩៩៦ លោកបានតែងតាំងជាអចិន្ត្រៃគណៈលេខា។

នៅឆ្នាំ១៩៩៦ ក្នុងមហាសន្និបាតអាណត្តិទី៨ លោក លេខា ភៀវ បានបន្តជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស សមាជិកគណៈអចិន្ត្រៃនៃការិយាល័យនយោបាយ និងប្រចាំការការិយាល័យនយោបាយ។

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩៧ ក្នុងអង្គប្រជុំលើកទី៤ (អាណតិ្តទី៨) លោកបានជាប់ឆ្នោតជាអគ្គលេខាធិការមជ្ឈឹមបក្ស និងបានកាន់តួរនាទីនេះដល់ខែមេសាឆ្នាំ២០០១។

អតីតអគ្គលេខាធិការ ឡេ ខា ភៀវ ធ្លាប់កាន់តួនាទីជាបញ្ជាការរងទទួលបន្ទុកនយោបាយនៃបញ្ជាការដ្ឋានកងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា (រណសិរ្យ៧១៩)៕