(មណ្ឌលគិរី)៖ ស្របពេលដែលមានបទបញ្ជាយ៉ាងតឹងរ៉ឹងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាស្តីពីការរឹតបណ្តឹង បទល្មើសព្រៃឈើ និងចាត់ចែងគណៈកម្មការថ្នាក់ជាតិដើម្បីចុះស្រាវជ្រាវ និងធ្វើកាទប់ស្កាត់នៃករណីនេះទូទាំងប្រទេស។

ដោយឡែកនៅខេត្តមណ្ឌលគិរី ឯណោះវិញប្រជាពលរដ្ឋ និងសហគមន៍កាពារព្រៃឈើនៅតំបន់នេះ បានរាយការណ៍ថា៖ ភ្លើងកំពុង បន្តឆាបឆេះឈើ នៅក្នុងក្រុមហ៊ុនចំនួន៣ជាបន្តបន្ទាប់ ក្នុងនោះដំបូងគេមានភ្លើងឆេះឈើនៅក្នុងក្រុមហ៊ុន ប៊ិនភឿក១រហូតដល់ថ្ងៃនេះ បានកើនឡើងដល់ ៨៨កំណាត់ ហើយសេចក្តីរាយការណ៍ប្រាប់ពេលនេះភ្លើងពុំទាន់ត្រូវបានរលត់នោះទេនៅវេលាយប់មិញនេះគឺក្នុង ថ្ងៃទី ២៥-២៦ ខែមករា ឆ្នាំ២០១៦ នេះភ្លើង កំពុងឆាបឆេះឈើនៅក្នុងក្រមហ៊ុនចំនួន ពីរផ្សេងទៀតគឺក្រុមហ៊ុនកសិកម្មខ្មែរអង្គរ និងក្រុមហ៊ុនដាយណាម ដោយក្រុមហ៊ុន កសិកម្មខ្មែរអង្គរ យប់ម៉ិញនេះភ្លើងបានឆាបឆេះឈើនៅទីនោះអស់ចំនួន៣៨កំណាត់ នៅវេលាយប់មិញដូចគ្នា ឈើនៅក្នុងក្រុមហ៊ុន ដាយណាមក៍ មានភ្លើងឆេះឈើអស់ចំនួន២០០កំណាត់។

សហគមន៍ការពារព្រៃឈើ និងប្រជាពលរដ្ឋបានសម្តែងនូវការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះករណីរឿងភ្លើងឆេះឈើខាងលើនេះពួកគាត់ និយាយថា ហេតុអ្វីមុនពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដាក់ចេញនូវបទបញ្ជាគឺពុំដែលមានភ្លើងឯណាមកឆាបឆេះ ឈើងាយៗនោះឡើយ តែស្របពេលនេះគឺមានភ្លើងចាប់ផ្តើមឆេះឈើជាបន្តបន្ទាប់ ពួកគាត់បានដាក់ការសង្ស័យថាអាចជាការលួចដុត ដើម្បីបំបាត់ភស្តុតាងទាំងស្រុង។

ពួកគាត់បានធ្វើការអំពាវនាវស្នើឱ្យអាជ្ញាធរខេត្ត និងអង្គភាពពាក់ព័ន្ធព្រមទាំងមន្រ្តីជំនាញនៅតំបន់នេះមេត្តាជួយស្រាវជ្រាវរកមូលហេតុ ពិតនៃករណីនេះ ផងដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ទាក់បញ្ហាខាងលើនេះលោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកកែវសីមា អ្នកឆ្លើយឆ្លងព័ត៌មានយើងប្រចាំខេត្តនេះ បានធ្វើការទំនាក់ទំនង សុំការបភ្លឺបន្ថែមជុំវិញបញ្ហានេះដែរនៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះតែទូរស័ព្ទចូលជាច្រើនដងគ្មាន អ្នកទទួល។  លោក វង់ សុកសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃនេះមិនអាចទាក់ទងសុំការបំភ្លឺជុំវិញ ករណីនេះបានទេ។

លោក អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ វេលាម៉ោង១៥៖៥០នាទី លោកបានបញ្ជាក់ប្រាប់ថា ពិតជាមានភ្លើងឆេះឈើនេះពិតមែន តែលោកថា វាជាភ្លើងឆេះព្រៃរាល ទៅឆេះឈើនោះ៕