(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៦ នាទីស្តីការក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានទទួលជំនួបសំដែងការគួរសម ជាមួយគណៈប្រតិភូជប៉ុនដឹកនាំ ដោយលោក Tsuneyuki Yamamoto ដែលជាចៅក្រម តុលាការកំពូលជប៉ុន មានឋានៈស្មើរដ្ឋមន្រ្តី ដើម្បីធ្វើការពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក អំពីការវិវឌ្ឍន៍ថ្មីៗ និងការកែទម្រង់វិស័យយុត្តិធម៌ ក្នុងប្រទេសកម្ពុជា និងជប៉ុន ជាពិសេសលើគម្រោងដែលគាំទ្រឧបត្ថមដោយរដ្ឋាភិបាលជប៉ុន ក្នុងការតាក់តែង និងដាក់ឱ្យអនុវត្តនូវក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បបវេណី នៅកម្ពុជា នេះបើយោងតាមលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌។

លោក គឹម សន្តិភាព បានឲ្យដឹងថា៖ លោករដ្ឋមន្រ្តី បានធ្វើការជម្រាបជូនភាគីជប៉ុនអំពីការវិវឌ្ឍន៍ថ្មីៗ នៃការកែទម្រង់វិស័យ យុត្តិធម៌របស់កម្ពុជា និងបានធ្វើការវាយតម្លៃខ្ពស់ពី ជំនួយរបស់ជប៉ុន ក្នុងការងារនេះ ជាពិសេសជំនួយរបស់ជប៉ុនក្នុងការងារតាក់តែង និងដាក់ឱ្យអនុវត្តក្រមរដ្ឋប្បវេណី និង ក្រមនីតិវិធីរដ្ឋប្បវេណី នៅកម្ពុជានាពេលកន្លងមក។ លោករដ្ឋមន្រ្តី ក៏បានស្នើផងដែរ ដល់ភាគីជប៉ុនឱ្យបន្តរជួយនៅក្នុងវិស័យយុត្តិធម៌នេះ និងសហការគ្នាធ្វើការត្រួតពិនិត្យ ឡើងវិញនិងកែសម្រួលនូវបទប្បញ្ញត្តិមួយចំនួន នៃក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ដែលមានភាពស្មុគស្មានពិបាកអនុវត្ត និងមិនទាន់អាចឆ្លើយតបបានទៅនឹងបរិបទ សង្គមជាក់ស្តែងរបស់កម្ពុជា នាពេលបច្ចុប្បន្ន ។

ក្រៅពីនេះលោករដ្ឋមន្រ្តី ក៏បានស្នើផងដែរ ដល់ភាគីជប៉ុនឱ្យជួយដល់កម្ពុជាក្នុងការងារបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពរបស់មន្រ្តីក្នុងវិស័យ យុត្តិធម៌ ដូចជាចៅក្រម ព្រះរាជអាជ្ញា មេធាវី ព្រមទាំងគ្រូបង្គោល ជាពិសេសក្នុងវិស័យរដ្ឋប្បវេណី ពាណិជ្ជកម្ម និងការងារ ដោយក្រសួងកំពុងតែរៀបចំ និងដាក់ឱ្យដំណើរការតុលាការពាណិជ្ជកម្ម និងតុលាការការងារនេះ។ ជាការឆ្លើយតបភាគីជប៉ុន បានធ្វើការកោតសរសើរនូវការខិតខំប្រឹងប្រែង របស់ក្រសួងយុត្តិធម៌ ក្នុងការ ងារកំណែទម្រង់នេះ និងរីករាយក្នុងការចូលរួមសហការ និងគាំទ្រដល់ក្រសួងយុត្តធម៌ ក្នុងការអនុវត្តការងារកំណែទម្រង់នេះ ឱ្យទទួលបានជោកជ័យ តាមរយៈគម្រោងអភិវឌ្ឍ របស់អង្គការ JICA នៅកម្ពុជា៕