(ស្វាយរៀង)៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ប្រចាំខេត្តស្វាយរៀង (កបប) នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះបានចុះ ពិនិត្យមុខទំនិញនៅផ្សារក្រោគោ ស្រុកស្វាយជ្រំ បានធ្វើតេស្តគ្រឿងឧបភោគបរិភោគចំនួន៣៦គំរូ រកឃើញនៅក្នុងពពុះសណ្ដែ មានសារធាតុគីមីសរុប ១១គីឡូក្រាម និងនំកញ្ចប់មួយចំនួនទៀតហួសកាលបរិច្ឆេតប្រើប្រាស់ បានដកហូតយកទៅកម្ទេចចោល។

លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ប្រចាំខេត្តស្វាយរៀង បានឲ្យដឹងថា ការចុះពិនិត្យទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងស្វែងរកសាធាតុគីមីដែលអាជីវករតាំងលក់នៅលើ បន្លែ ត្រីសាច់ និងគ្រឿងឧបភោគ បរិភោគជាច្រើនគំរូ ជាពិសេសការវេចខ្ចប់ហួសកាលបរិច្ឆេទ ផុតកំណត់ប្រើប្រាស់។

លោកបានបន្តថា ក្រោយពីបានធ្វើតេស្តជាបឋមទៅលើគ្រឿងឧបភោគបរិភោគ មន្ត្រីជំនាញបានរកឃើញនូវសារធាតុគីមីនៅលើពពុះសណ្ដែកចំនួន១១គីឡូក្រាម និងរកឃើញគ្រឿងឧបភោគបរិភោគមួយចំនួនទៀតហួសកាលបរិច្ឆេទដែលត្រូវប្រើប្រាស់។ មន្ត្រីជំនាញបានធ្វើកិច្ចសន្យាដកហូតយក មិនឲ្យប្រជាពលរដ្ឋឬអាជីវករ លក់បន្តទៀតទេ ព្រមទាំងធ្វើកិច្ចសន្យាមិនឱ្យមានលើកទី២ ទៀតនោះទេ។

លោកបានបន្តថា សារជាតិគីមី និងគ្រឿងឧបភោគបរិភោគដែលហួសកាលបរិច្ឆេទឲ្យប្រើប្រាស់នោះ និងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ជាប្រចាំ ជាពិសេស រលាកក្រពះ ពោះវៀន និងតម្រងនោម បណ្ដាលឲ្យសរីរាង្គកាយចុះខ្សោយ និងបាត់បង់ដល់អាយុជីវិតទៀតផង។ មន្រ្តីជំនាញនិងចុះត្រួតពិនិត្យទៅលើគ្រឿងឧបភោគ បរិភោគទូទាំងខេត្ត ក្នុងមួយខែពីរដង ដើម្បីស្វែងរកសារធាតុគីមី និងគ្រឿងឧបភោគបរិភោគដែលហួសកាលបរិច្ឆេទ និងការវិចខ្ចប់។

លោក ផឹង និល ក៏បានធ្វើការផ្សព្វផ្សាយនិងអំពាវនាវដល់អាជីវករ ប្រជាពលរដ្ឋទាំងអ្នកលក់ និងអ្នកទិញមុននឹងទិញរបស់អ្វីមួយយកទៅបរិភោគ សូមពិនិត្យទៅលើ កាលបរិច្ឆេប្រើប្រាស់ឲ្យបានច្បាស់លាស់។

ប្រជាពលរដ្ឋនៅជុំវិញផ្សារក្រោលគោ ក្រោយពីមន្ត្រីជំនាញបានពិនិត្យរកឃើញសារធាតុគីមីនៅក្នុងពពុះសណ្ដែក បាននាំគ្នាសាទរនិងស្នើឲ្យមន្ត្រីជំនាញចុះឱ្យបាន ញឹកញាប់ ដើម្បីជួយពិនិត្យដល់គ្រឿងឧបភោគបរិភោគ ធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ជាប្រចាំ៕