(កណ្ដាល)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាយុវជន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាឡ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ បានចុះសំណេះសំណាលជាមួយយុវជន និងកសិករ ក្នុងស្រុកខ្សាច់កណ្តាល ដើម្បីផ្សារភ្ជាប់ជាមួយវិស័យកសិកម្ម។

ពិធីនេះក៏មានការចូលរួមពីលោកស្រី ឡុង ណាវី អភិបាលស្រុកស្តីទី និងលោក ខៀវ សុខណាត ប្រធានក្រុមប្រឹក្សាស្រុក ស្តីទី សមាជិកក្រុមប្រឹក្សាស្រុក ស្មៀនឃុំទាំង១៨ ប្រធានសមាជិកយុវជនស្រុក និងប្រធានយុវជន និងសមាជិកយុវជនឃុំទាំង១៨ រួមជាមួយបងប្អូនប្រជាកសិករ ប្រមាណជិត២០០នាក់។

ឆ្លៀតក្នុងឱកាសនោះ លោក កៅ ថាច បានជម្រាបជូនដល់បងប្អូនប្រជាកសិករ និងយុវជនទាំងអស់ ដែលមានវត្តមានអំពី៖

១៖ អំពីគោលការណ៍ឥណទាន និងនិតីវិធីដើម្បីទទួលបានឥណទាន ក្នុងគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ចំនួន៥០លានដុល្លារអាមេរិក។

២៖ ធ្វើការចែករំលែកព័ត៌មានអំពីវិស័យកសិកម្ម នៅកម្ពុជា ដោយផ្តោតសំខាន់លើការដាំដុះបន្លែ ផ្លែឈើ វារីវប្បកម្ម ការចិញ្ចឹមសត្វ ការកែច្នៃផលិតផលកសិកម្ម ជាដើម ដើម្បីទុកជាបទពិសោធន៍ដល់បងប្អូនប្រជាកសិករ និងបងប្អូនជាយុវជន។

លោក កៅ ថាច ក៏បានលើកយកឧទាហរណ៍ជាក់ស្តែងមួយចំនួន ជាធាតុចូល អំពីការរៀបចំផែនការដើម្បីដាំដុះ ការចិញ្ចឹម ដែលធ្វើឲ្យចំណេញទាំងថវិកា ពេលវេលា និងជាពិសេសធានាបាន អំពីការផ្គត់ផ្គង់ចូលទីផ្សារ បានគ្រប់គ្រាន់ផងដែរ។

៣៖ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានសម្រេចទំលាក់កញ្ចប់ហិរញ្ញប្បទានពិសេស ចំនួន៥០លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីធ្វើការផ្តល់ឥណទានជូនដល់ បងប្អូនប្រជាសហគមន៍ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និងផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម នៅទូទាំងប្រទេសកម្ពុជា ដើម្បីឲ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឲ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញ ទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជា ជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA ដែលការណ៍នេះជាឱកាសសម្រាប់បងប្អូនកសិករ យុវជន ក្នុងស្រុកខ្សាច់កណ្តាល អាចទំនាក់ទំនង មកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីធ្វើការស្នើសុំឥណទាន ពីក្នុងគម្រោងហិរញ្ញប្បទានពិសេសនេះ ឬពីគម្រោងឥណទានផ្សេងទៀត របស់ធនាគារបាន។

ជាមួយគ្នានេះ លោក កៅ ថាច បានជំរុញ និងលើកទឹកចិត្តឲ្យកសិករ និងយុវជនក្នុងស្រុកខ្សាច់កណ្តាល ដែលមានបំណងចង់រៀនបន្ថែម អំពីបច្ចេកទេសចិញ្ចឹមសត្វ ចិញ្ចឹមត្រី ឬការដាំដុះជាដើម អាចធ្វើការចងក្រងជាក្រុម ឬជាសហគមន៍ក្នុងមូលដ្ឋានរបស់ខ្លួន ហើយលោកនឹងជួយស្នើសុំគ្រូបង្គោល ដែលមានជំនាញឲ្យចុះមកបង្រៀន ដល់បងប្អូនកសិករផងដែរ៕