(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការបើកថវិកាជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ លើកទី២ សម្រាប់ខែកក្កដា បានសម្រេច ៩៥% ហើយ គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។ លោក វង សូត បានបន្តថា ការឧបត្ថម្ភសាច់ប្រាក់ លើកទី២ សម្រាប់ខែកក្កដា នឹងបិទបញ្ចប់នៅល្ងាចថ្ងៃទី២៤ ខែសីហា ត្រឹមម៉ោង ៦ល្ងាច។ ការឧបត្ថម្ភសម្រាប់ខែបន្ទាប់គឺនឹងចាប់ផ្ដើមនៅថ្ងៃទី២៥ សីហា។

បន្ថែមពីលើនេះ លោក វង សូត ក៏បានលើកឡើងប្រាប់ឱ្យប្រធានមន្ទីរសង្គមកិច្ច ក៏ដូចជាមន្រ្តីស្រុក ខណ្ឌ ដែលមានវត្តមានត្រូវពង្រឹងលើការងារនេះឱ្យកាន់តែប្រសើរ និងត្រូវចាត់ទុកការងារនេះជាការងារអទិភាព ដោយធានាភាពសុក្រឹត្យ និងភាពទទួលខុសត្រូវ ដើម្បីគ្រួសារក្រីក្រពិតប្រាកដទទួលបានការឧបត្ថម្ភនេះ។

រដ្ឋមន្រ្តី វង សូត បានលើកឡើងបែបនេះ ក្នុងឱកាសដែលលោកចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលជំងឺ កូវីដ១៩ រៀបចំធ្វើនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។

ជាមួយគ្នានោះដែរ លោក ឈួរ សុបញ្ញា ជាប្រធាននាយកដ្ឋានសុខមាលភាពសង្គម និងជាមន្រ្តីជំនាញក្រសួងសង្គមកិច្ច លើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងកំឡុងពេលជំងឺកូវីដ១៩ បានលើកឡើងថា ការបំពេញការងារផ្ដល់សាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងលើកទី២សម្រាប់ខែកក្កដា សម្រេចបានលទ្ធផលល្អប្រសើរ និងលឿនជាងការអនុវត្តលើកទី១កន្លងទៅ។

លោកថ្លែងថា គិតត្រឹមថ្ងៃទី១១ ខែសីហាម្សិលម៉ិញនេះ គ្រួសារក្រីក្រចំនួនជិត ៥៨ម៉ឺនគ្រួសារបានទទួលថវិការួចរាល់ ដោយរដ្ឋាភិបាលបានចំណាយថវិកាអស់ជាង១០ម៉ឺនលានរៀល ដោយគិតជាប្រាក់ដុល្លារគឺប្រមាណ ២៦លានដុល្លារ។ ចំនួនគ្រួសារជិត ៥៨ម៉ឺនគ្រួសារនេះគិតជាភាគរយគឺប្រមាណ ៩៥% នៃចំនួនគ្រួសារក្រីក្រសរុបជាង ៦១ម៉ឺនគ្រួសារដែលត្រូវទទួលបានថវិកាក្នុងលើកទី ២នេះ។

លោកបញ្ជាក់ដែរថា ទោះបីជា ការផ្ដល់សាច់ប្រាក់ដំណើរការល្អប្រសើរបែបនេះក្ដី ក៏នៅមានបញ្ហាប្រឈមមួយចំនួនកើតឡើងជាពិសេសគឺចំពោះអ្នកទទួលផល។ លោក ឈួរ សុបញ្ញា ថាគ្រួសារជាច្រើនបានភ្លេចលេខកូដ ដើម្បីបើកសាច់ប្រាក់។ ករណីភ្លេចលេខកូដនេះ កើតមានឡើងរហូតដល់ប្រមាណ ២០០០ ករណីក្នុងមួយថ្ងៃ។

យោងតាមរបាយការណ៍ ដែលផ្ដល់ជូនដោយ លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ បានបង្ហាញថា សម្រាប់ការឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ ដែលនឹងចាប់ផ្ដើមថ្ងៃទី២៥ សីហាខាងមុខនេះ នឹងមានចំនួនគ្រួសារក្រីក្រសរុបប្រមាណ ៦៦ម៉ឺន៩ពាន់គ្រួសារ ស្មើនឹងចំនួនប្រជាជនក្រីក្រសរុបប្រមាណ ២លាន៦សែន៩ពាន់នាក់៕