(កណ្ដាល)៖ លោក ហួត វណ្ណថូ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្ដាល បានព្រមានចាត់ការតាមផ្លូវច្បាប់ចំពោះម្ចាស់សហគ្រាស និងសិប្បកម្មផលិតទឹកកក ទឹកកកអនាម័យ ទូទាំងខេត្តប្រសិនបើរកឃើញថា ផលិតខុសស្តង់ដារ អនាម័យ។

ការព្រមានបែបនេះរបស់ លោក ហួត វណ្ណថូ បានធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយណែនាំស្តីពី «គុណភាព អនាម័យ ដល់ម្ចាស់សហគ្រាស និងសិប្បកម្មផលិតទឹកកក ទឹកកកអនាម័យ» ក្នុងខេត្តកណ្តាល ដោយមានការចូលរួមពីមន្ត្រីជំនាញ និងម្ចាស់សហគ្រាស សិប្បកម្មផលិតទឹកកក ទឹកកកអនាម័យជាង២០នាក់។

លោក ហួត វណ្ណថូ បានបញ្ជាក់ថា គោលបំណងសំខាន់នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ គឺចង់ផ្សព្វផ្សាយដល់ម្ចាស់សហគ្រាស សិប្បកម្ម ផលិតទឹកកក ទឹកកកអនាម័យទាំងអស់ឱ្យយកចិត្តទុកដាក់ ដោយត្រូវធានាថាផលិតផលទាំងនោះ គឺផលិតឡើងតាមស្តង់ដារ មានគុណភាពអនាម័យ ធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់។

នាឱកាសនោះដែរ ប្រធានមន្ទីរក៏បានណែនាំ និងលើកទឹកចិត្តដល់ម្ចាស់សហគ្រាស សិប្បកម្មផលិតទឹកកក ទាំងអស់ ត្រូវមានការត្រួតពិនិត្យជាប្រចាំលើសង្វាក់ផលិតកម្មរបស់ខ្លួន ជាពិសេសត្រូវអនុវត្តឱ្យបានតាមគោលការណ៍ ស៥ គឺ សម្រិតសម្រាំង សណ្ដាប់ធ្នាប់ សម្អាត ស្តង់ដារ និងស្ថេរភាព ដើម្បីលើកកម្ពស់គុណភាពផលិតផល កាត់បន្ថយថ្លៃដើម ធ្វើឱ្យការផលិតផលបានលឿន និងសុវត្ថិភាព។

ក្នុងកិច្ចប្រជុំនេះដែរ មន្ត្រីជំនាញនៃមន្ទីរឧស្សាហកម្មខេត្ត បានឱ្យដឹងថា ចំពោះការធ្វើអនាម័យរបស់សហគ្រាសធុនតូចសិប្បកម្មផលិតទឹកកកដើម និងអនាម័យ គឺត្រូវគោរពតាមគោលការណ៍អនាម័យ ចំនួន៣ចំណុច គឺចំណុចទី១៖ ផ្តោតលើអនាម័យទីតាំងផលិតកម្ម វត្ថុធាតុដើម និងខ្សែសង្វាក់ផលិតកម្ម ត្រូវតែស្អាត និងមានអនាម័យ ត្រូវមានភ្លើងបំភ្លឺសមស្រប មានបណ្ដាញលូបង្ហូរទឹក ឬកាកសំណល់ចោល ត្រូវមានបន្ទប់ទឹកធំទូលាយ មានកន្លែងសម្រាប់លាងដៃជើងមុននឹងចូលធ្វើការ ត្រូវមានឧបករណ៍សម្រាប់ចាប់ឬការពារសត្វល្អិត មានសីតុណ្ហភាពសមស្រប, ចំណុចទី២៖ ការធ្វើអនាម័យបុគ្គលិក ឬកម្មករ ត្រូវមានការបណ្ដុះបណ្ដាលផ្នែកអនាម័យខ្លួនប្រាណដល់បុគ្គលិកកម្មករ កម្មករ ត្រូវមានសម្លៀកបំពាក់ និងស្បែកជើងស្អាតក្នុងពេលបំពេញការងារ និងចំណុចទី៣៖ គឺការធ្វើអនាម័យសម្ភារវេចខ្ចប់ផលិតផលសម្រេច សំបកវេចខ្ចប់ត្រូវធ្វើឡើងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងចៀសវាងការចម្លងមេរោគ និងភាពកខ្វក់៕