(ភ្នំពេញ)៖ លោក John Kerry រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា នៅប្រទេសប្រជាធិបតេយ្យ តំណាងរាស្រ្តត្រូវមានសិទ្ធិសេរីភាព ក្នុងការធ្វើការងារដោយមិនមានភាពភ័យខ្លាច។

លោក John Kerry បាននិយាយបែបនេះ នៅក្នុងសន្និសីទកាសែត មួយនៅឯសណ្ឋាគាររ៉ាហ្វល់រ៉ូយ៉ាល់ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីលោក បានជួបពិភាក្សាអំពីស្ថានភាពនយោបាយ ដាច់ដោយឡែកជាមួយបក្សប្រឆាំងនៅកម្ពុជា ក្រោយពេលជួបថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

លោក ចន ឃែរី បាននិយាយថា «នៅក្នុងជំនួបរបស់ខ្ញុំថ្ងៃនេះ ខ្ញុំបានសង្កត់ធ្ងន់ទៅលើកត្តាសំខាន់លទ្ធិប្រជាធិបតេយ្យ នៅក្នុងការអភិវឌ្ឍប្រទេស និងភាពស្របច្បាប់ នៃលទ្ធិប្រជាធិបតេយ្យស្របច្បាប់»។ លោកបានបន្ថែមថា «រាល់តំណាងរាស្ត្រ មានសិទ្ធិសេរីភាព ក្នុងការធ្វើការងារបស់ពួកគេ ដោយមិនមានការភ័យខ្លាច និងការវាយប្រហារឬក៏ការចាប់ខ្លួននេះ ជាមូលដ្ឋាននៃរដ្ឋាភិបាលលទ្ធិប្រជាធិបតេយ្យ»

លោក John Kerry បានមកធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ដែលលោកបានមកដល់ កាលពីយប់ម្សិលមិញ។ គោលដៅរបស់លោកពេលនេះ គឺដើម្បីពិភាក្សាពីការរៀបចំជាមុន សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅ Sunnylands ក្នុងរដ្ឋកាលីហ្វនីញ៉ា នៅខែក្រោយនេះ ដែលនៅទីនោះ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះ ទទួលស្វាគមន៍មេដឹកនាំអាស៊ាន៕