(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ បានអនុញ្ញាតឱ្យនិស្សិត ២៤នាក់ ដែលទទួលបានអាហារូបករណ៍សិក្សានៅជប៉ុន ចូលជួបសម្តែងការគួរសម និងទទួលដំបូន្មានមួយចំនួនមុនពួកគេចេញទៅសិក្សា។

ក្នុងជំនួបនេះលោក អុឹម ឈុនលឹម បានសម្តែងការអបអរសារទ និងកោតសរសើរជ័យលាភីទាំងអស់ ដែលបានទទួលជោគជ័យក្នុងការប្រលងយកអាហារូបករណ៍ JDS ដែលជាកម្មវិធីមួយមានសារសំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ក្នុងក្របខណ្ឌកិច្ចសហប្រតិ្តិការអន្តរជាតិរវាងកម្ពុជា និងជប៉ុន។ លោកកិត្តិនីតិកោសលបណ្ឌិត ក៏បានចាត់ទុកថា េនះគឺជាសមិទ្ធផលថ្មីបន្ថែមទៀតនៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

ក្នុងកិច្ចសំណេះសំណាលនេះ លោកកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក ដែលធ្លាប់បានបន្តការសិក្សា និងធ្វើការដកបទពិសោធន៍ការងារនៅបរទេសដូចជា បារាំង សហភាពសូវៀត អាមេរិក និងបណ្តាប្រទេសនានានៅលើសាកលលោក ដើម្បីជាទុនគំនិតសម្រាប់ជ័យលាភីទាំងអស់យកទៅប្រើក្នុងការរស់នៅ និងបន្តការសិក្សារយៈពេល២ ឆ្នាំនៅប្រទេសជប៉ុន។

លោកកិត្តិនីតិកោសលបណ្ឌិត បានចែករំលែកអំពីដំណើរការកសាងនីតិរដ្ឋ ឈរលើគ្រឹះដ៏រឹងមាំនៃរដ្ឋធម្មនុញ្ញ ដែលព្រះរាជាណាចក្រកម្ពុជា កំពុងតែខិតខំនិងសម្រេចបាន ដើម្បីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ។ ជាមួួយគ្នានេះ លោកកិត្តិនីតិកោសលបណ្ឌិត ក៏បានចែករំលែកបទពិសោធន៍នានា អំពីវប្បធម៌ និងរបៀបរបបនៃការរស់នៅក្នុងសង្គមជបុ៉ន ដើម្បីជ័យលាភីទាំងអស់បានយល់ដឹង និងត្រៀមលក្ខណៈក្នុងការរស់នៅ។

ទន្ទឹមនឹងនេះលោកកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម បានផ្តាំផ្ញើដល់ជ័យលាភីទាំង២៤រូប ខិតខំយកចិត្តទុកដាក់រៀនសូត្រតាមជំនាញរបស់ខ្លួន ពុះពារគ្រប់ឧបសគ្គ ដើម្បីក្រេបយកចំណេះវិជ្ជា និងបទពិសោធន៍ មកជួយកសាងស្ថាប័នដែលខ្លួនកំពុងបម្រើការ និងជួយកសាងប្រទេសជាតិ ព្រមទាំងត្រូវគោរពវិន័យសាលា និងច្បាប់ ព្រមទាំងរបៀបរបបប្រពៃណីនៃប្រទេសជប៉ុន។

លោក អ៉ឹម ឈុនលឹម ក៏បានណែនាំឱ្យពួកគេត្រូវខិតខំយកចិត្តទុកដាក់រក្សាកិត្តិយសប្រទេសជាតិ និងអធិបតេយ្យជាតិ ដោយត្រូវយល់ដឹងអំពីច្បាប់ និងប្រពៃណីល្អរបស់ជាតិ និងជួយផ្សព្វផ្សាយនូវអ្វីដែលជាប្រយោជន៍ដល់ជាតិ។

លោកកិត្តិនីតិកោសលបណ្ឌិត បានចាត់ទុកជ័យលាភីទាំងអស់នេះ ដើតួនាទីមិនត្រឹមតែជានិស្សិតទេ តែជាងនេះទៅទៀត គឺមានតួនាទីជារាជទូត តំណាងប្រទេសជាតិផងដែរ ដូេច្្នះត្រូវចេះការពារកិត្តិយស និងផលប្រយោជន៍ជាតិ និងកសាងទំនាក់ទំនងល្អ ជាមួយបណ្តានិស្សិតគ្រប់ប្រទេស ដែលកំពុងសិក្សានៅទីនោះ។

លោកកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម បានជូនពរជ័យលាភីទាំង២៤រូប សូមមានសុខភាពល្អ ធ្វើដំណើរហោះហើរទៅមក ប្រកបដោយសុវត្ថិភាព។ លោកកិត្តិនីតិកោសលបណ្ឌិត បានក្រើនរំលឹកផងដែរដល់ជ័យលាភីទាំងអស់ សូមយកចិត្តទុកដាក់ខ្ពស់ថែរក្សាសុខភាព ជៀសផុតពីការឆ្លងជំងឺ COVID19 ដែលកំពុងរាតត្បាតពាសពេញសាកលលោកនាពេលេនះ៕