(ភ្នំពេញ)៖ ក្រោយទទួលបានព័ត៌មានដ៏រន្ធត់ពីការគ្រោះថ្នាក់ចរាចរណ៍របស់ជនពិការគមខ្នងលោក នួន សារុន កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ រងរបួសធ្ងន់ត្រូវវះកាត់យកគ្រាប់ភ្នែកម្ខាងចេញជាបន្ទាន់ និងដោយសារស្ថានភាពជនរងគ្រោះមានការលំបាកក្រខ្សត់ខ្លាំង ទើបលោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើការអំពាវនាវជាលក្ខណៈបុគ្គលផ្ទាល់ខ្លួន រៃអង្គាសថវិកាពពីសប្បុរសជនតាមរបស់បណ្តាញសង្គម បានចំនួន សរុប ៣,១៦១ដុល្លាអាមេរិក និងប្រាក់រៀលបានចំនួន ១,៥៧០,០០០រៀល ដើម្បីយកទៅជួយសម្រាលការលំបាករបស់ជនពិការគមខ្នងលោក នួន សារុន។

ថវិកាសរុបទាំងអស់ខាងលើ ត្រូវបានលោក ឯម ច័ន្ទមករា ក្នុងនាមតំណាងសប្បុរជនទាំងអស់យកទៅជូនដល់ជនរងគ្រោះជនពិការគមខ្នងលោក នួន សារុន នៅមន្ទីពេទ្រកាលម៉េត នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។

លោក ឯម ច័ន្ទមករា បានបង្ហាញពីក្តីរន្ធត់និងសង្វេគនិងបាននាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំក្រុមប្រឹក្សាសកម្មភាពជនពិការ និងសប្បុរសជនទាំងអស់ដែលមានក្តីអាណិតអាសូរជាទីបំផុតចំពោះលោក នួន សារុន ដែលពិការពីកំណើត រងគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ខ្លួនពិការភ្នែកម្ខាងបន្ថែមទៀត។

លោក នួន សារុន តាមរយៈលោក ឯម ច័ន្ទមករា បានលើកដៃថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ដែលបានផ្តល់ក្តីស្រលាញ់ជួយឧបត្ថម្ភ ដល់គាត់ដើម្បីសម្រាលទុក្ខលំបាកបំផុតនៅពេលនេះ។ ជាមួយគ្នានេះលោក ឯម ច័ន្ទមករា ដ៏បានថ្លែងអំណរគុណនិងសូមជូនពរសប្បុរសជនទាំងអស់សូមជួបតែសេចក្តីសុខ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។

សូមបញ្ជាក់ថា ការឈានដល់ការវះកាត់យកគ្រាប់ភ្នែកចេញនេះ គឺបន្ទាប់ពី សារុន បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃសៅរ៍ ទី០៨ ខែសីហា កន្លងទៅ ដោយគេជិះម៉ូតូ បុកម៉ូតូ សារុន ពីខាងក្រោយ។ គ្រោះថ្នាក់បណ្តាលឱ្យរងគ្រោះថ្នាក់ធ្ងន់ធ្ងរត្រង់ភ្នែក។ នេះគឺជារឿងដ៏វិយោគនិងកម្សត់អាណោចអាធមពេកណាស់ទៅហើយសម្រាប់ លោក នួន សារុន ដែលកើតមកមានពិការភាពគមខ្នងហើយ តែពេលនេះទណ្ឌកម្មលោកិយតាមមកយាយីឆក់យកកែវភ្នែករបស់គាត់ម្ខាងថែមទៀត។

ខាងក្រោមនេះគឺជាបញ្ជីរាយនាមសប្បុរសជនដែលបានជួយឧបត្ថម្ភដល់ជនពិការគមខ្នងលោក នួន សារុន តាមរយៈលោក ឯម ច័ន្ទមករា៖