(ព្រៃវែង)៖ ក្នុងចំណោមប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង មាន១៣ក្រុង ស្រុកមានចំនួនជាង២៣ម៉ឺនគ្រួសារ អ្នកមានបង្គន់អនាម័យចំនួនជាង ២១ម៉ឺនគ្រួសារ ហើយនៅសេសសល់ទាំងអស់នោះ អាជ្ញាធរខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង និងអាជ្ញាធរ ឃុំ ស្រុក ដៃគូរអង្គការនានា នឹងចុះអប់រំពន្យល់ពលរដ្ឋឲ្យ ស្ថាបនា បង្គន់អនាម័យ រួមសេវាទឹកស្អាត ឲ្យគ្រប់ក្រុមគ្រួសារនៅត្រឹមឆ្នាំ២០២៣។

នេះជាការលើកឡើងលោក ទ្បុក វុទ្ធី ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តព្រៃវែងថ្លែងក្នុងកិច្ចប្រជុំក្រុមការងារ បច្ចេកទេសផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ (PWG ) នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពី អាជ្ញាធរខេត្ត ក្រសួង មន្ទីរអភិវឌ្ឍន៍ជនបទ មន្ត្រីបច្ចេកទេស អង្គការដៃគូរ អាជ្ញាធរស្រុក ឃុំ ប្រមាណ៣០០នាក់ នៅសាលាខេត្តព្រៃវែង។

លោក ឡុក វុឌ្ឍី បានបន្តថា ដោយមានការជួយគាំទ្រពីក្រសួង ថ្នាក់ខេត្ត និងក្រុមការងារ PWG , DWG , CWG បានរួមសហការគ្នាជាមួយដៃគូរអភិវឌ្ឍន៍ សប្បុរសជន និងវិស័យឯកជន ក្នុងការអនុវត្តន៍ សម្រេចឲ្យបាន ODF ទូទាំងខេត្តត្រឹមឆ្នាំ២០២៣។

លោកបញ្ជាក់ថា ការតាំងចិត្តរួមគ្នានេះ ដ្បិតសព្វថ្ងៃ សម្រេចបាន១៩ឃុំស្មើ១៨៨ភូមិ ជាតំបន់ ODF។ ជាក់ស្តែង ស្រុកកំពង់ត្របែក ១៣ឃុំ សម្រេចបាន ៤ឃុំ ស្វាយអន្ទរ ១១ឃុំ សម្រេចបាន ២ឃុំ បារភ្នំ៩ ឃុំ សម្រេចបាន ៤ ឃុំ កំចាយមារ ៨ឃុំ សម្រេចបាន២ឃុំ មេសាង៨ឃុំ សម្រេចបាន ២ឃុំ ស៊ីធរកណ្តាល ១១ឃុំ សម្រេចបាន ១ឃុំ ពាមជរ៍ ១០ឃុំ សម្រេចបាន ៤ឃុំ។

លោក ឌុច គន្ធា អភិបាលរងខេត្ត បានថ្លែងថា ក្នុងចំណោមខ្នងផ្ទះ ប្រជាពលរដ្ឋ ២៣៥ ៣៩៣ខ្នងផ្ទះ អ្នកមានបង្គន់អនាម័យ ២១៨ ៩៦០ខ្នងផ្ទះ ហើយនៅសល់ ១៦ ៤៣៣ខ្នងផ្ទះទៀត អាជ្ញាធរ មន្ទីរអភិវឌ្ឍន៍ជនបទ អង្គការដៃគូរនានា ដូចជា អង្គការភ្លែន អន្តរជាតិជាដើម នឹងត្រូវចុះអប់រំ ជួយដល់ពួកគាត់ បន្ថែមទៀត ដោយធ្វើយ៉ាងណា ការងារនេះឲ្យហើយរួចរាល់ត្រឹមឆ្នាំ២០២៣ខាងមុខ។

លោកបន្ថែមថា ជាក់ស្តែងសព្វថ្ងៃ អត្រាគ្របដណ្តប់អនាម័យទូទាំងខេត្តបាន ៩៣,០២ភាគរយ និងអត្រាទឹកស្អាត គ្របដណ្តប់បាន ៨៨ភាគរយផងដែរ ក្នុងចំណោម ប្រជាពលរដ្ឋសរុប ១ ២៤៦ ២៦៥ នាក់ ក្នុងខេត្ត៕