(កំពង់ឆ្នាំង)៖ ដោយសារតែប្រទេសជាតិមានសុខសន្តិភាព បានធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស្ស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាក់ស្ដែងនៅក្នុងខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន កំពុងទទួលបានផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង និងផ្លូវក្រាលគ្រួសក្រហមស្ទើរទាំងអស់ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងផ្លូវមួយចំនួនទៀត តាមរយៈមូលនិធិឃុំ ដោយបានកែប្រែផ្លូវពីក្រាលគ្រួសក្រហមប្រែក្លាយទៅជាផ្លូវបេតុង ឬផ្លូវក្រាលកៅស៊ូ ដ៏រឹងមាំ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ជាក់ស្ដែងផ្លូវលំក្រាលក្រួសក្រហម២ខ្សែ មានប្រវែង៥៩០ម៉ែត្រ នៅក្នុងភូមិកណ្តាល និងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ ឆ្នាំង កំពុងតែសាងសង់ឱ្យទៅជាផ្លូវបេតុង ដ៏រឹងមាំតាមស្តង់ដារ ដោយចំណាយថវិកាមូលនិធិសង្កាត់ ឆ្នាំ២០២០។

លោក ហ៊ុន ធី សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់ឆ្នាំង តំណាងឱ្យម្ចាស់គម្រោង នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងដោយមានការគិតគូរបស់ក្រុមប្រឹក្សាសង្កាត់កំពង់ឆ្នាំង បានឯកភាពគ្នាចំណាយថវិកាមូលនិធិសង្កាត់ ឆ្នាំ២០២០ កសាងផ្លូវបេតុង ២ខ្សែ មានប្រវែង៥៩០ម៉ែត្រ ក្នុងភូមិកណ្តាល និងភូមិឡទឹកកត្រី សង្កាត់កំពង់ឆ្នាំង ដើម្បីជួយសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ ដែលធ្លាប់ជួបការលំបាកកន្លងមក។

លោក ហ៊ុន ធី បានបញ្ជាក់ថា ផ្លូវបេតុង២ខ្សែនេះ គឺនៅក្នុងភូមិកណ្តាលមានប្រវែង២៦០ម៉ែត្រ និងភូមិឡទឹកត្រី មានប្រវែង ៣៣០ម៉ែត្រ មានទទឹង៤ម៉ែត្រ និងកម្រាស់ ១តឹកកន្លះ ទៅតាមស្តង់ដាដែលក្រសួងពាក់ព័ន្ធបានកំណត់។

ដោយឡែក ក្នុងការកសាងផ្លូវបេតុងនេះ អាជ្ញាធរសង្កាត់ក៏បានប្រកាសដាក់ដេញថ្លៃកសាងជាសាធារណៈទៅតាមនីតិវិធីផងដែរ។ គឺផ្លូវនៅក្នុងភូមិកណ្តាល ២៦០ម៉ែត្រ តម្លៃប៉ាន់ស្មានជាង ១៣៦លានរៀល ក្រុមហ៊ុនដេញថ្លៃកសាងមានតម្លៃតែ ៧៥លានរៀល ប៉ុណ្ណោះ។ ចំណែកផ្លូវបេតុងក្នុងភូមិឡទឹកត្រីប្រវែង ៣៣០ម៉ែត្រ តម្លៃប៉ាន់ស្មាន ១៣០លានរៀល ក្រុមហ៊ុនដេញថ្លៃកសាងតែ៧២ លានរៀលប៉ុណ្ណោះ គឺដេញថ្លៃបានទៅលើក្រុមហ៊ុន លោក លី សុភាព។

លោកស្រី កែវ សុផាត ចៅសង្កាត់កំពង់ឆ្នាំង ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋក្នុងសង្កាត់កំពង់ឆ្នាំង ដែលរស់នៅតាមបណ្តោយផ្លូវ ដែលកំពុងកសាងនេះ សូមមានការយោគយល់ និងអធ្យាស្រ័យក្នុងពេលផ្លូវបេតុងទាំង២ខ្សែខាងលើនេះ កំពុងធ្វើការកសាង និងមានការលំបាកដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ហេតុនេះត្រូវតែមានការយោគយល់ និងអធ្យាស្រ័យផង ខណៈពេលកំពុងធ្វើការសាងសង់៕