(កោះកុង)៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ ក្នុងឱកាសដឹកនាំយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅខេត្តកោះកុង បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ និងបង្កើនការការពារខ្លួនពីជំងឺកូវីដ១៩។

លោកស្រី មឹន មាណវី បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជុំវិញពិភពលោក ដូច្នេះហើយសូមប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នា។ បន្ថែមពីនេះ ក៏ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរ ព្រោះករណីទាំងពីរនេះ គឺសុទ្ធតែប៉ះពាល់ដល់អាយុជីវិត។

មន្ដ្រីជាន់ខ្ពស់ក្រសួងសាធារណការរូបនេះ បានគូសបញ្ជាក់ថា ក្នុងឱកាសឈប់សម្រាកប៉ុន្មានថ្ងៃខាងមុខនេះ ប្រជាពលរដ្ឋត្រូវបើកបរដោយគោរពច្បាប់ចរាចណ៍ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត មុនបើកបរឲ្យបានល្អិតល្អន់ ត្រូវពាក់ខ្សែក្រវ៉ាត់ ឬពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ បើកបរត្រូវចេះយោគយល់គ្នាទាំងនេះ គឺដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា។

គួរជម្រាបថា ក្នុងយុទ្ធនាការផ្សព្វផ្សាយអប់រំច្បាប់ស្តីពីច្បាប់ចរាចរផ្លូវគោកនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានផ្តល់មួកសុវត្ថិភាពម្នាក់មួយ និងធ្វើបទបង្ហាញ ក្នុងការពាក់មួកឲ្យមានសុវត្ថិភាពជូនប្រជាពលរដ្ឋផងដែរ៕