(ភ្នំពេញ)៖ លោក សួង សុភ័ណ្ឌ ប្រធានគណបក្ស ខ្មែរឈ្នះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ពាក់ព័ន្ធបទល្មើសជាក់ស្តែងទាក់ទងនឹងការញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន។

លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៤ ខែសីហានេះថា «លោក សួង សុភ័ណ្ឌ ពិតជាត្រូវបានចាប់ខ្លួនមែន ក្នុងបទល្មើសជាក់ស្តែងទាក់ទងនឹងការញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន និងការចោទប្រកាន់មួលបង្កាច់ទម្លាក់កំហុស លើគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនថា ប្រព្រឹត្តបទល្មើសក្បត់ជាតិ»

លោក គុជ គឹមឡុង បញ្ជាក់ថា បច្ចុប្បន្នលោក សួង សុភ័ណ្ឌ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់ ហើយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងជូនព័ត៌មានលំអិតនាពេលក្រោយទៀត៕