(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានស្រាវជ្រាវរហូតតាមចាប់ខ្លួន ជនសង្ស័យម្នាក់ដែលជាបក្ខពួកក្រុមចោរប្លន់ ប្រដាប់អាវុធដែលត្រូវកម្លាំង អាវុធហត្ថបាញ់ស្លាប់២នាក់ កាលពីចុងឆ្នាំ២០១៥នោះហើយបញ្ជូនខ្លួនទៅកាន់ការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ ដើម្បីបន្តការសួរនាំ។

លោក ឯក សេរីវុធ អធិការរងនគរបាលទទួលផែនព្រហ្មទណ្ឌ ខណ្ឌជ្រោយចង្វារ បានប្រាប់ភ្នាក់ងារ Fresh News ថា កម្លាំងរបស់លោក បានតាមចាប់ខ្លួនជនសង្ស័យរូបនេះមានឈ្មោះ ហ៊ីម សុភាព អាយុ២៣ឆ្នាំ នៅសង្កាត់ជ្រោយចង្វារ ដែលជននេះ គឺជាដៃជើងរបស់ចោរមួយក្រុម ដែលត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាប និងបាញ់ស្លាប់២នាក់ ចាប់ខ្លួន៤នាក់ មានស្រី២នាក់ នៅខណ្ឌព្រែកព្នៅ កាលពីចុងឆ្នាំ២០១៥កន្លងទៅ ក្រោយពីពួកគេបានប្លន់ម៉ូតូមួយគ្រឿង នៅជិតរង្វង់មូលកាំកូស៊ីតធី ខណ្ឌទួលគោក៕