(កណ្ដាល)៖ ទីតាំងផលិតស្ករត្នោតក្លែងក្លាយត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល សហការជាមួយកម្លាំងអធិការស្រុកអង្គស្នួល បានចុះបង្រ្កាបនាល្ងាចថ្ងៃទី១៤ ខែសីហា ស្ថិតនៅភូមិរំលិច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ម្ចាស់ទីតាំងឈ្មោះ ជុន មុំ ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរផលិតកែឆ្នៃស្ករត្នោតក្លែងក្លាយ ត្រូវបានបង្ក្រាបជាលើកទី៦ហើយនៅថ្ងៃទី១៤ ខែសីហា បន្ទាប់ពីធ្វើកិច្ចសន្យាជាបន្តបន្ទាប់។

លោក លី សុជាតិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រាប់ Fresh News ប្រចាំខេត្តកណ្ដាល នៅថ្ងៃទី១៥ ខែសីហានេះថា ក្រោមបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ស្នងការ ឈឿន សុចិត្ត កម្លាំងនគរបាលរបស់លោកបានចុះបង្ក្រាបបន្ទាន់ចំពោះទីតាំងនេះ ក្រោយលួចបើកប្រឆាំងនឹងការសម្រេចផ្អាកការផលិត និងចុះកិច្ចសន្យាពីមុនៗមក ពោលគឺទីតាំងនេះបានបិទ ហើយលួចបើកចំនួន៥លើកមកហើយ ដោយគ្មានញញើតសមត្ថកិច្ចឡើយ ។

លោក លី សុជាតិ បានបន្ថែមថា ក្នុងប្រតិបត្តិការនេះ កម្លាំងពុំបានឃាត់ខ្លួនម្ចាស់ទីតាំងនេះទេ ដោយសារគាត់មានសុំណុំរឿងនៅតុលាការរួចទៅហើយ ដោយនឹងត្រូវចូលខ្លួនដោះស្រាយ ចំពោះមុខច្បាប់នៅដើមខែកញ្ញាខាងមុខនេះ។

មន្រ្តីតុលាការបានប្រាប់ Fresh News ផងដែរថា ម្ចាស់ទីតាំងរូបនេះមិនខ្លាចច្បាប់ មិនញញើតសមត្ថកិច្ចឡើយ បើទោះបីជាកម្លាំងបានចុះធ្វើការបង្ក្រាប និងធ្វើកិច្ចសន្យាបញ្ឈប់ជាបន្តបន្ទាប់ចំនួន ៥លើកមកហើយក្ដី ក៏នៅតែលួចលាក់បើកផលិតដដែល ដែលនេះជាលើកទី៦ហើយ ត្រូវបានកម្លាំងចុះបង្ក្រាបម្ដងទៀត។ លោកថា «ម្ចាស់ទីតាំងនេះត្រូវបានសាលាដំបូងខេត្តកណ្ដាល បង្គាប់ឱ្យចូលខ្លួនដោះស្រាយចំពោះមុខច្បាប់នាពេលឆាប់ៗខាងមុខនេះ»។

ចំពោះការសួរនាំពីការសុំច្បាប់ផលិត ម្ចាស់ទីតាំងរូបនេះ បានបញ្ជាក់ចំពោះសមត្ថកិច្ចក្នុងខ្សែរវីដេអូថា គាត់បានសុំច្បាប់ផលិតនូវផលិតផលស្កសរច្នៃចេញជាស្ករត្នោត ដោយមានលាយសារធាតុស្ករ ទឹក និងស្ករអំពៅ ដើម្បីច្នៃចេញជាស្ករត្នោត។

ចំពោះការលើកឡើងរបស់ម្ចាស់ទីតាំងថា បានសុំច្បាប់នេះ Fresh News ពុំអាចសុំការបំភ្លឺពីលោក ហួត វណ្ណថូ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្ដាលបានទេ ដោយសារលោកមិនលើកទូរស័ព្ទ។

គួរជម្រាបថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងរកឃើញវត្ថុតាងរួមមាន៖

*ស្ករត្នោតក្លែងក្លាយផលិតរួចចំនួន១២ធុងស្មើរ៣៤៨គីឡូក្រាម
*ស្ករសរចំនួន៣បាវ ស្មើ១៥០គីឡូក្រាម
*ប្រេងឆាមួយពីដុងកន្លះស្មើនឹង៧,៥លីត្រ
*ម៉ូទ័រកូស្ករ ចំនួន១
*ឆ្នាំងខ្ទះចំនួន៣។

វត្ថុតាងបានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តនីតិវិធីតាមច្បាប់៕