(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ បានស្រាវជ្រាវឈានដល់ការបង្ក្រាបឃាត់ខ្លួន យុវជន៣នាក់ដកហូតគ្រឿងញៀន ១កញ្ចប់ធំ នៅចំណុចផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

មកដល់វេលាម៉ោង១១និង០០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ធ្វើការពួនស្ទាក់បង្ក្រាប១ករណីទៀត ដោយឃាត់ខ្លួនជនជាប់សង្ស័យចំនួន១នាក់ ក្នុងចំណោម៣នាក់ ដោយដកហូតគ្រឿងញៀន១កញ្ចប់ធំ និង៤កញ្ចប់តូចព្រមទាំងរកឃើញកាំភ្លើងខ្លី១ដើម ស្ថិតនៅក្រោយវិហ៊ាឥស្មាម ក្រុម២ ភូមិ២ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ខណៈបក្ខពួក២នាក់ កំពុងរត់គេចខ្លួន។

ជនជាប់សង្ស័យជួញដូរនូវសារធាតុញៀន និងរក្សាទុកអាវុធខុសច្បាប់ឈ្មោះ ស៊ីវ ដា ហៅ ឌួង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ចំណែកបក្ខពួក២នាក់ទៀត ដែលកំពុងរត់គេចខ្លួនទី១៖ ឈ្មោះ ប្រាក់ ពេជ្រ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកោះតូច ឃុំកោះឧញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ទី២៖​​ ឈ្មោះ គុយ ឃឿន អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះលេខ២៣៦ ក្រុម១៣ ភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ។

ចំណែកជនជាប់សង្ស័យ រក្សាទុកសារធាតុញៀនខុសច្បាប់៣នាក់ទៀត សមត្ថកិច្ចនូវពុំទាន់បញ្ជាក់ពីអត្តសញ្ញាណ នៅឡើយទេ និងកំពុងសាកសួរឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីបន្តនិតិវិធីកសាងសំណុំរឿង ទៅតុលាការចាត់ការតាមច្បាប់៕

Posted by Fresh News Photo on Tuesday, January 26, 2016