(ដាណឺម៉ាក)៖ មន្ត្រីសុខាភិបាលរបស់ប្រទេសដាណឺម៉ាក បានបញ្ជាក់ឲ្យដឹងនៅថ្ងៃនេះថា បុរសម្នាក់ត្រូវបាន​រកឃើញ​​ករណី​ឆ្លង​វីរុស​ Zika ដំបូងគេនៅក្នុងប្រទេសដាណឺម៉ាក និងបានអំពាវនាវឲ្យ​ជនជាតិខ្លួន​ទាំងអស់​កុំ​ធ្វើ​ដំណើរ​ទៅកាន់បណ្ដាប្រទេសមួយចំនួននៅអាមេរិកឡាទីន នេះបើយោងតាម​ការ​ចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមករា។

នៅថ្ងៃអង្គារម្សិល​មិញនេះ មន្ត្រីសុខាភិបាលនៃប្រទេស Puerto Rico ក៏បានប្រកាសឲ្យដឹងថា មានអ្នកឆ្លងជំងឺ Zika ចំនួន ១៨ករណី ខណៈដែលជាង ២០០ករណីទៀត កំពុងតែធ្វើការស៊ើបអង្កេត ហើយស្រប​ពេល​ជាមួយ​គ្នានោះដែរ នៅឯ Costa Rica វិញ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសនេះ ក៏បានបញ្ជាក់ថា មានអ្នកឆ្លងជំងឺ Zika ដំបូងម្នាក់ផងដែរ ដែលបុរសនោះមានវ័យ ២៥ឆ្នាំ បានឆ្លងជំងឺនេះ នៅក្នុងអំឡុងពេល​ដំណើរកម្សាន្តទៅកាន់​ប្រទេសកូឡុំប៊ីកាលពី ប៉ុន្មានថ្ងៃមុន។

គួរបញ្ជាក់ផងដែរថា វីរុស Zika ត្រូវ​បាន​រក​ឃើញ​លើក​ដំបូង នៅ​លើ​សត្វ​ស្វា​នៅ​ក្នុង​ឆ្នាំ​១៩៤៧ នៅ​ក្នុង​ប្រទេស​អ៊ូហ្គង់​ដា​ស្ថិត​ក្នុង​ទ្វីប​អាហ្រ្វិក​ ហើយ​នៅ​ឆ្នាំ​១៩៥២ ជំងឺ​នេះ បាន​ឆ្លង​ជា​លើក​ដំបូង​មក​មនុស្ស​ តាម​រយៈ​មូស​ខ្លា​ខាំ និង​បាន​រីក​រាល​ដាល​នៅ​តំបន់​អាហ្រ្វិក​ និង​កោះ​មួយ​ចំនួន​នៅ​តំបន់​ប៉ាស៊ីហ្វិក​។ អ្នក​ដែល​ឆ្លង​មេរោគ​នេះ នឹង​មាន​អាការៈ ​ក្ដៅ​ខ្លួន ឈឺ​ក្បាល ឡើង​រមាស់ ឈឺ​សន្លាក់ និង​ភ្នែក​ឡើង​ក្រហម​ ពោល​គឺ​មានអាការៈ​ និង​រោគ​សញ្ញា ដូច​គ្នា​នឹងជំងឺ​គ្រុន​ឈាម​ដែរ​៕