(ស្ទឹងត្រែង)៖ កម្លាំងនគរបាលការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង បាននិងកំពុងចុះស្រាវជ្រាវ ហើយតាមចាប់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តទៅបុកម៉ូតូបណ្តាលឲ្យ ជនរងគ្រោះជាប្តីស្លាប់ និងប្រពន្ធរងរបួសធ្ងន់ ដែលជនបង្កនេះ គឺជាមិត្តភក្តិរបស់ថៅកែ រោងសិប្បកម្មផលិតទឹកកក។

លោក គង់ រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តស្ទឹងត្រែង បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះថា «អ្នកបើករថយន្តមានឈ្មោះ ឡុត ស្រីបុត អាយុ៤០ឆ្នាំ រស់នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលកំពុងរត់គេចខ្លួន»។

លោក គង់ រតនា បានបញ្ជាក់ថា «កម្លាំងរបស់យើងក្រោមការបញ្ជារបស់លោកស្នងការ និងស្នងការរងទទួលផែន ឌៀប ចន្ធី បាននិងកំពុងស្រាវជ្រាវ រកជនបង្ក ដើម្បីឈានទៅដល់ការចាប់ខ្លូន មកផ្តន្ទាទោសតាមផ្លូវច្បាប់»។

បើតាមនាយការិយាល័យចរាចរណ៍រូបនេះ អ្នកបើករថយន្តជាមិត្តភក្តិរបស់ថៅកែលក់ទឹកកក ហើយជននេះបានខ្ចីរថយន្តម៉ាក TUNDRA ទៅបើកចូលច្រៀងខារ៉ាអូខេ រហូតបង្កគ្រោះថ្នាក់ចរាចរណ៍តែម្តង។ នៅយប់មិញ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង លោក ជា ពេជ្យ បានបញ្ជាក់ថា លោកមិនបានបញ្ជាឲ្យមានការដោះលែង ជនបង្កគ្រោះថ្នាក់ចរាចរណ៍នោះឡើយ មានតែប្រាប់ទៅសមត្ថកិច្ច ឲ្យស្រាវជ្រាវ តាមចាប់ជនបង្ក យកមកផ្ទន្ទាទោសតាមផ្លូវទៀតផង។ លោក ជា ពេជ្យ ថែមទាំងបានប្រាប់ថា ចំពោះសំណុំរឿងមួយនេះ ខាងកម្លាំងសមត្ថកិច្ច មិនបានរាយការណ៍ ជូនលោកនោះឡើយ ពេលក្រោយកើតហេតុ ពោលលោកបានដឹងករណីនេះតាមរយៈសារ និងរបាយការណ៍នៅក្នុង Group Telegram របស់ខេត្តតែប៉ុណ្ណោះ។

លោក ពេជ្យ បានឲ្យដឹងថា «សមត្ថកិច្ចមិន បានរាយការណ៍ឲ្យខ្ញុំដឹងនោះទេ ១យប់១ថ្ងៃហើយ ខ្ញុំទើបតែបានឃើញរបាយការណ៍ របស់លោកអធិការក្រុងនៅក្នុង Group Telegram របស់ខេត្តប៉ុណ្ណោះ ពេលនោះខ្ញុំក៏បានប្រាប់ទៅវិញ សូមឲ្យសមត្ថកិច្ច ចុះតាមស្រាវជ្រាវ រកអ្នកបើកបរឲ្យបាន ហើយសុំគោលការណ៍មកខ្ញុំ ដើម្បីឃាត់ខ្លួន យកដាក់ទោសតាមផ្លូវច្បាប់ ពីព្រោះរាជរដ្ឋាភិបាល បានរឹតបន្តឹងច្បាប់ចរាចរណ៍ហើយ»។

ជាមួយគ្នានេះ លោកព្រះរាជអាជ្ញា ថែមទាំងបានប្រាប់ទៅអធិការក្រុងស្ទឹងត្រែង នៅម៉ោងសម្រាក នៃកិច្ចប្រជុំបូក សរុបការងារខេត្ត នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះទៀតថា ត្រូវបញ្ជូនមន្រ្តីនគរបាលចរាចរណ៍ ចុះទៅសួរនាំ នៅកន្លែងខារ៉ាអូខេ «កាឡាក់ស៊ី» ដើម្បីមើលតាម កាម៉េរ៉ាសុវត្ថិភាព រកមុខអ្នកបើករថយន្ត ពីព្រោះ ជនបង្កគ្រោះថ្នាក់ចរាចរណ៍ បានបើកចេញពីទីតាំងខារ៉ាអូខេនោះទាំងស្រវឹង។

អ្នកច្បាប់មួយរូបបានថ្លែងថា យោងតាមមាត្រា៨៧ នៃច្បាប់ចរាចរណ៌ផ្លូវគោក ជនដែលបង្កគ្រោះថ្នាក់ចរាចរណ៌ បណ្តាលឲ្យអ្នកដទៃស្លាប់ និងរងរបួសយ៉ាងដូច្នេះ ត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារ ពី៣ទៅ៥ឆ្នាំ ហើយត្រូវផ្តល់សំណងពី២០លានរៀល ទៅ៥០លានរៀល។

សូមបញ្ជាក់ថា បុរសជាប្តីបានស្លាប់ភ្លាមៗ និងប្រពន្ធរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដោយសារបុរសម្នាក់ ដែលត្រូវគេស្គាល់ថា ជាថៅកែលក់ទឹកកក ប្រចាំខេត្តស្ទឹងត្រែង បើករថយន្តស៊េរីទំនើបម៉ាក TUNDRA ចេញពីច្រៀងសប្បាយ នៅហាងខារ៉ាអូខេយីហោ «កាឡាក់ស៊ី» ក្នុងស្ថានភាពស្រវឹង បានរ៉េចង្កូតទៅបុកម៉ូតូ របស់ជនរងគ្រោះទាំង២នាក់ ដែលកំពុងឌុបគ្នា។

ភ្នាក់ងារ Fresh News ប្រចាំខេត្តស្ទឹងត្រែង បានរាយការណ៌នៅរសៀលថ្ងៃទី២៥ ខែមករា នេះថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចជិតខារ៉ាអូខេ «ឦសានមនោរម្យ» ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។

មន្ត្រីនគរបាលចរាចណ៍ខេត្តបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចណ៍បង្កឡើង ដោយរថយន្តម៉ាកធុនត្រា (TUNDRA) ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AD-6119 បើកបរដោយឈ្មោះឡោ លីផេង ភេទប្រុស អាយុ៤១ឆ្នាំ ជាម្ចាស់សិប្បកម្មផលិតទឹកកក នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។

ចំណែកម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខស្ទឹងត្រែង 1A-5577 បើបរពីលិចមកកើត (ច្រាសទិស) បើកបរដោយឈ្មោះ ព្រហ្ម សំរិត ភេទប្រុស អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យ មានមុខរបរជាមេភូមិ និងប្រពន្ធឈ្មោះ ពុធ កៃសន ភេទស្រី អាយុ៤៨ឆ្នាំ បានរងរបួសធ្ងន់ និងមានទីលំនៅភូមិថ្មី សង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានបន្តទៀតថា សាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ ម្ចាស់រថយន្តស៊េរីទំនើប បានចេញពីច្រៀងខារ៉ាអូខេ ក្នុងស្ថានភាពស្រវឹងជោក បើកបរក្នុងល្បឿនលឿន ខណៈជនរងគ្រោះ២នាក់ប្តីប្រពន្ធ កំពុងជិះម៉ូតូច្រាសទិសគ្នា ក៏ត្រូវរថយន្តរ៉េចង្កូត បុកពេញទំហឹង បង្កឲ្យបុរសជាប្តី បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ រីឯប្រពន្ធបានរងរបួសធ្ងន់បាក់ឆ្អឹងជំនី បាក់ជើងឆ្វេង និងបាក់ដៃឆ្វេង ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ២១ យោធភូមិភាគទី១។ ភ្លាមនោះម្ចាស់រថយន្ត បានបើកយកទៅរក្សាទុក នៅក្នុងរោងសិប្បកម្មផលិតទឹកកក បាត់តែម្ដង។

ក្រោយកើតហេតុគេបានឃើញ នគរបាលចរាចរណ៍ស្នងការដ្ឋាននគរបាលខេត្តចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវសាកសួរសាក្សីឃើញហេតុការណ៍ ទើបរករថយន្តបង្កបានបើករត់គេចយកទៅលាក់ទុកនៅកន្លែងសិប្បកម្មផលិត ទឹកកក តែត្រូវបានសមត្ថកិច្ចតាមរកឃើញនាំយករថយន្តបង្ក និងម៉ូតូមកកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ជាមួយករណីនេះ សមត្ថកិច្ច មិនពិបាកស្វែងរកចាប់ខ្លួនអ្នកបើករថយន្តបង្កនោះឡើយពោលគ្រាន់តែទៅសួរនាំ នៅកន្លែងខារ៉ាអូខេទៅ គឺជាការរួចរាល់ ជាពិសេសក្រុមសន្តិសុខ ដែលយាមប្រចាំការ នៅទីនោះនឹងដឹងច្បាស់ណាស់ថានរណាជាអ្នកបើករថយន្តទំនើបមួយនេះ៕