(ភ្នំពេញ)៖ ដោយពិនិត្យឃើញពីតម្រូវការ ក៏ដូចជាដើម្បីបន្តជួយកាត់បន្ថយឥទ្ធិពលនៃជំងឺកូវីដ-១៩ លើជីវភាពប្រចាំថ្ងៃ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ រយៈពេល ២ខែបន្ថែមទៀត ចាប់ពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២០នេះ ដោយបញ្ចេញថវិកា ៣០ដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
កម្មវិធីជំនួយសង្គមពិសេសនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជួយដោះស្រាយជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដែលមានបណ្ណសមធម៌ រួមបញ្ចូលលទាំងអ្នកបាត់បង់ការងារ ឬប្រាក់ចំណូល ដែលធ្វើឱ្យពួកគេធ្លាក់ចូលក្នុងភាពក្រីក្រ។
កម្មវីធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ជុំទី២ (ខែសីហា និងខែកញ្ញា ឆ្នាំ២០២០) ដែលចាប់ផ្តើមនៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ តាមរយៈការប្រើប្រាស់សេវាកម្មផ្ទេរប្រាក់វីងនេះ នឹងបើកផ្តល់សាច់ប្រាក់ដែលជាថវិកាជាតិចំនួន ៣០លានដុល្លារអាមេរិក ជូនដល់ប្រជាជនចំនួនជាង ២,៦លាននាក់ សម្រាប់ខែសីហានេះ។
ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា ទំហំថវិកានេះមានការកើនឡើងពី ២៦លានដុល្លារអាមេរិក នៅខែកក្កដា និង ២៣លានដុល្លារអាមេរិក នៅខែមិថុនា ដោយសារមានការកើនឡើងនៃគ្រួសារក្រីក្រ តាមរយៈការកំណត់អត្តសញ្ញាណតាមការស្នើសុំចំនួនប្រមាណ ៦០ ០០០គ្រួសារបន្ថែម។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ត្រួវបានទទួលស្គាល់ដោយសហគមន៍ជាតិ និងអន្តរជាតិ ថាជាកម្មវីធីដែលជោគជ័យមួយ ដោយប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតាមបែបឌីជីថល ដែលបង្ហាញពីតម្លាភាព និងប្រសិទ្ធិ-ភាពខ្ពស់។ ការអនុវត្តកម្មវិធីនេះនៅទូទាំងប្រទេសត្រូវបានធ្វើឡើងដោយអាជ្ញាធរឃុំ សង្កាត់ ដឹកនាំការអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងផែនការ, និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការសម្របសម្រួលរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម។
រាជរដ្ឋាភិបាលក៏ទទួលស្គាល់នូវជំនួយបច្ចេកទេសដែលផ្តល់ដោយដៃគូរអភិវឌ្ឍន៍នានា ជាពិសេសអង្គការ UNICEF, UNDP, GIZ, រដ្ឋាភិបាលអូស្រ្តាលី អាល្លឺម៉ង់ ស៊ុយអែត និងសហគមអឺរ៉ុប ដែលនាំឱ្យកម្មវិធីនេះ អាចដាក់ឱ្យអនុវត្តដោយរលូន និងប្រកបដោយភាពជោគជ័យ៕