(ភ្នំពេញ)៖ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន កំពុងកៀរគរអ្នកនយោបាយប្រឆាំងនានា ដើម្បីឈានទៅបង្កើតគណបក្សថ្មី សម្រាប់ចូលរួមក្នុងការបោះឆ្នោតអាណិត្តក្រោយនេះ បន្ទាប់ពីលោកអស់ជំនឿទៅលើ ការដឹកនាំរបស់មេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ។
លោក អ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ពេលនេះលោកកំពុងពិនិត្យមើលកម្លាំង អ្នកនយោបាយ និងប្រជាពលរដ្ឋ ដើម្បីធ្វើការសម្រេចបង្កើតគណបក្សថ្មី។ លោកអះអាងថា ប្រសិនបើកម្លាំងនយោបាយប្រឆាំង និងប្រជាពលរដ្ឋមួយចំនួនធំ នៅតែធ្វើពហិកាមិនចូលរួមនោះ គំនិតបង្កើតគណបក្សនយោបាយនេះ នឹងមិនអាចទៅរួចឡើយ។
លោកបានអះអាងយ៉ាងដូច្នេះថា៖ «យើងកំពុងតែពិនិត្យមើលលើ ការវិវឌ្ឍនៃសំណាកសង្គមទូទៅហ្នឹង តើប្រជាពលរដ្ឋក្តី អ្នកនយោបាយក្តី អាចនឹងរួបរួមគ្នាហើយចាប់ផ្តើមកម្លាំងមួយ ដើម្បីចូលប្រកួតប្រជែងនៅក្នុងការបោះឆ្នោតឡើងវិញទេ ឬក៏មួយចំនួនធំនៅតែធ្វើពហិកាមិនចូលរួម ហើយប្រសិនបើអាច ប្រសិនជាកម្លាំងនោះវាគ្រប់គ្រាន់សមល្មម អាចប្រកួតប្រជែងបាន ទទួលទំនុកចិត្តពីម្ចាស់ឆ្នោតបាន យើងពិចារណាថាគិតគូររបៀបម៉េច ហើយរៀបចំរបៀបម៉េច ដើម្បីចូលរួមប្រកួតប្រជែងនោះ ប៉ុន្តែប្រសិនបើកម្លាំងអ្នកមាននិន្នាការប្រឆាំងហ្នឹង ភាគច្រើនមិនចូលរួម ធ្វើពហិកាបែបហ្នឹង អាហ្នឹងក៏យើងគ្មានលទ្ធភាពអ្វី ទៅចូលរួមប្រកួតប្រជែងដោយសមរម្យដែរ»។
ការបង្ហើបអំពីជំហរបង្កើតគណបក្សថ្មីរបស់ លោក អ៊ូ ច័ន្ទរ័ត្ន បានធ្វើឡើងស្របពេលដែល លោក សុន ឆ័យ អតីតតំណាងរាស្រ្ត និងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ២រូបទៀត ដាក់លិខិតមួយជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញ ក្រោយតុលាការកំពូល បានចេញសាលដីកា សម្រេចហាមឃាត់ពួកគេ រួមជាមួយអតីតថ្នាក់ដឹកនាំ អតីតគណបក្សសង្រ្គោះជាតិសរុប១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្នុងចំណោមជនទាំង១១៨នាក់នោះ មាន១២នាក់ហើយ បានស្នើសុំនីតិសម្បទាធ្វើនយោបាយ ក្នុងនោះមាន៩នាក់ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ផ្តល់សិទ្ធិឱ្យធ្វើនយោបាយឡើងវិញផងដែរ។
លោក អ៊ូ ច័ន្ទរ័ត្ន ហាក់ស្វាគមន៍ចំពោះ ការដាក់សំណើរបស់ លោក សុន ឆ័យ ដើម្បីទទួលបាន សិទ្ធិធ្វើសកម្មភាព នយោបាយឡើងវិញ ហើយលោកកំពុងរង់ចាំមើលកម្លាំងផ្សេងទៀត ដែលនឹងចេញជាបន្តបន្ទាប់ទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាធ្វើសកម្មភាពនយោបាយ។ លោកសង្ឃឹមថា គំនិតផ្តួចផ្តើមរបស់លោក ក៏នឹងទទួលបានការគាំទ្រពី អតីតថ្នាក់ដឹកនាំ CNRP ដែលបានស្នើសុំសិទ្ធិធ្វើនយោបាយមុនៗផងដែរ។
លោកបញ្ជាក់ថា៖ «យើងនឹងអាចជជែកឡើងវិញជាមួយនឹងអ្នកដែលចេញមកបង្កើតគណបក្សមុនៗ ហើយបើសិនជាមានហេតុផលណាមួយ ដែលពួកគាត់មិនអាចចូលរួមបានទេ ហ្នឹងក៏មិនអីដែរ ព្រោះជួនកាលអ្នកដែលបង្កើតមុនៗ លោកមានហេតុផលដែលយើងមិនអាចដឹងខាងក្រោយ»។
យ៉ាងហោចណាស់មានគណបក្សថ្មីចំនួន៣ ត្រូវបានបង្កើតឡើង ឬដឹកនាំដោយអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ក្នុងនោះមានគណបក្សឆន្ទៈខ្មែរ ដែលមានលោក គង់ គាំ ជាប្រធានកិត្តិយស, គណបក្សខ្មែរអភិរក្សនិយមរបស់ លោក រៀល ខេមរិន្ទ្រ និងគណបក្សខ្មែរស្រលាញ់ជាតិរបស់ លោក ជីវ កត្តា។ អ្នកចេញមកបង្កើតគណបក្សថ្មី សុទ្ធតែអះអាងថា ដោយសារតែអស់ជំនឿលើអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្ស៉ី និង លោក កឹម សុខា ខណៈអតីតដៃគូទាំងពីរបានបែកបាក់សាមគ្គីធ្ងន់ធ្ងរ ហើយក្លាយទៅជាគូបដិបក្ខវាយប្រហារគ្នាទៅវិញទៅមក។
លោក អ៊ូ ច័ន្ទរ័ត្ន បានលើកឡើងថា ទាំងមេដឹកនាំ និងអតីតគណបក្សសង្រ្គោះជាតិមិនត្រឹមតែធ្វើឱ្យបាត់ការគាំទ្រ ពីនៅក្នុងប្រទេសទេ ថែមទាំងធ្វើបាត់ការគាំទ្រពីអន្តរជាតិផងដែរ។ លោករិះគន់ចំពោះយុទ្ធនាការមួយចំនួនរបស់ លោក សម រង្ស៉ី ដែលជាការអនុវត្តខុសនឹងច្បាប់រដ្ឋធម្មនុញ្ញ ដូចជាការបង្វែរទាហានឱ្យបែរកាណុងកាំភ្លើង បាញ់តម្រង់ទៅរាជរដ្ឋាភិបាលស្របច្បាប់ជាដើម។
«មកដល់ពេលនេះខ្ញុំបាត់បង់ជំនឿច្រើនហើយ ព្រោះការរៀបចំជាយុទ្ធសាស្រ្តក្តី កន្លែងខ្លះវាបានធ្វើឱ្យប៉ះពាល់ដល់ការគាំទ្រ ពីសហគមន៍អន្តរជាតិទៅទៀត ដូចលោកស្រី រ៉ូណា ស្មីត ក៏មានការលើកឡើងដែរថា ការលើកឡើងរបស់លោក សម រង្ស៉ី ឱ្យបែរចុងកាណុង ហើយអំពាវនាវរកថវិកាគាំទ្រទាហានដែលផ្តាច់ខ្លួនអីហ្នឹង អាហ្នឹងសុទ្ធតែជារឿងដែលប៉ះពាល់ គោលការណ៍ប្រជាធិបតេយ្យ ខណៈដែលយើងអះអាងខ្លួនថា ជាអ្នករក្សាគោលការណ៍ "២៣តុលា" នោះ ដូច្នេះខ្ញុំឃើញប្រទេសមួយចំនួន គេមិនគាំទ្ររឿងទាំងអស់នេះទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក អ៊ូ ច័ន្ទរ័ត្ន។
សម្រាប់លោក អ៊ូ ច័ន្ទរ័ត្ន, លោកគ្មានមានជំនឿថា លោក សម រង្ស៉ី នឹងអាចត្រឡប់មកធ្វើនយោបាយនៅកម្ពុជាបាននោះទេ ខណៈដែលលោកក្លាយជាទណ្ឌិត និងកំពុងពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌជាច្រើនស្អេកស្កះ៕