(ភ្នំពេញ)៖ ទណ្ឌិតឈ្មោះ កាំង ហ្គេកអ៊ាវ ហៅ ឌុច ដែលជាអតីតប្រធានគុកទួលស្លែង ក្នុងសម័យខ្មែរក្រហម ត្រូវបានគ្រូពេទ្យមន្ទីរពេទ្យបង្អែកជ័យជំនៈ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។
នេះបើតាមលោក គឹម សន្តិភាព រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលទទួលបានព័ត៌មានពីព្រះរាជអាជ្ញាខេត្តកណ្តាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។
ប្រភពដដែល បានបន្តថា មុនពេលបញ្ជូនទៅសង្គ្រោះនេះ ទណ្ឌិតឈ្មោះ កាំង ហ្គេកអ៊ាវ ហៅ ឌុច មានអាការៈហត់ខ្លាំង អស់កម្លាំង ខណៈវ័យកាន់តែចាស់ផងដែរ។
កាំង ហ្កេកអ៊ាវ ហៅឌុច អាយុ ៧៨ឆ្នាំ មានស្រុកកំណើតនៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ លោកត្រូវបានចាប់ខ្លួន កាលពីឆ្នាំ១៩៩៩ និងត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំង តុលាការយោធា រហូតដល់ថ្ងៃបញ្ជូនខ្លួន មកកាន់មន្ទីរឃុំឃាំងរបស់សាលាក្តីខ្មែរក្រហមនៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០០៧។ ឌុចមាន តួនាទីជាអនុលេខា បន្ទាប់មកជាលេខាគណៈ កម្មាធិ ការមន្ទីរ ស-២១ (មន្ទីរសន្តិបាល ដែលគេស្គាល់ ជាទូទៅថា គុកទួលស្លែង) នៅក្នុងរបប ខ្មែរក្រហម។
កាំង ហ្កេកអ៊ាវ ហៅឌុច ត្រូវបានផ្តន្ទាទោសដោយអង្គជំនុំជម្រះសាលាដំបូងនៃអ.វ.ត.ក នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែង ដោយសម្រេចដាក់ពន្ធនាគាររយៈពេល ៣៥ឆ្នាំ សងការជាប់ឃុំខុសច្បាប់ ១០ឆ្នាំ និងសំណងលើការសហការចំនួន ៦ឆ្នាំ ទោសដែលត្រូវអនុវត្តគឺ ១៩ឆ្នាំ។ ប៉ុន្តែព្រះរាជអាជ្ញាប្តឹងសាទុក្ខជំទាស់ ហើយអង្គជំនុំជម្រះតុលាការកំពូលបានសម្រេចសេចក្តី នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុច ដាក់ពន្ធនាគារអស់មួយជីវិត៕