(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមករានេះ នៅបញ្ជការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ មានរៀបចំពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងទិសដៅអនុវត្តន៍ឆ្នាំ២០១៦ និងបិទវគ្គបណ្តុះបណ្តាល នាយទាហានជំនាញកាំភ្លើងធំ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខេមរភូមិន្ទ ក្នុងនាម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្នុងនាមនាយឧត្តមសេនីយ៍ បណ្ឌិត ប៉ុល សារឿន អគ្គមេបញ្ជាការកង យោធពលខេមរភូមិន្ទ និងក្នុងនាម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការររង កងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះ។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានធ្វើការកោតសសើរ និងវាយតំលៃខ្ពស់ ចំពោះបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ ដែលបានបំពេញតួរនាទីភារកិច្ច របស់ខ្លួនក្នុងកិច្ចការការពារជាតិមាតុភូមិ ពិសេសក្នុងការលើកកម្ពស់ សមត្ថភាពក្នុងជួរកងទ័ព ព្រមទាំងសិក្ខាកាម ដែលបានខិតខំ យកចិត្តទុកដាក់ ក្នុងការហ្វឹកហ្វឺនរៀនសូត្រ បង្កើនសមត្ថភាព ទទួលបានលទ្ធផលល្អដូចពេលនេះ។

នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវ ត្រូវគោរពវិន័យ គោរពតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ កងយោធពលខេមរភូមិន្ទ សំដៅថែរក្សាភាពថ្លៃថ្នូរបស់ កងយោធពលខេមរភូមិន្ទ ព្រមទាំងបានលើកឡើង ពីស្ថានភាពនយោបាយថ្មីៗ នាពេលបច្ខុប្បន្ននេះ ដល់គ្រូយោធាចារ្យ និងសិក្ខាកាម ឲ្យកាន់តែយល់ច្បាស់ថា តួនាទីរបស់កងយោធពលខេមរភូមិន្ទ គឺការការពារបូរណភាពទឹកដី ការពារព្រះមហាក្សត្រ ថែរក្សាការពារសន្តិសុខ សុវត្តិភាពសង្គម និងប្រជាជន ពិសេស គឺការពាររាជរដ្ឋាភិបាល ស្របច្បាប់។

ក្នុងពិធីនោះដែរ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អំណោយរួមមាន៖ អង្ករ៥តោន, ត្រីខ១០កេស និងបានឧបត្តមដល់គណ:គ្រប់គ្រង៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល, ក្រុមគ្រូយោធាចារ្យ២១នាក់ ក្នុងម្នាក់ៗថវិកា១០ម៉ឺនរៀល នាយទាហានដែលចូលរួមមាន ចំនួន២៦១នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀលសិក្ខាកាមចំនួន១០០នាក់ក្នុងម្នាក់ៗ ថវិកា៣ម៉ឺនរៀល និងបានឧបត្តម្ភថវិកាចំនួន១០លានរៀល ក្នុងកម្មវិធីបិទវគ្គនេះ។

ក្នុងនោះដែរ នាយឧត្តមសេនីយ៍ ក៏បាននាំយកអំណោយរបស់ នាយឧត្តមសេនីយ៍ ឧបនាយរដ្ឋមន្ត្រី ទៀ បាញ់ រួមមានធុងចម្រោះទឹកស្អាត៤ធុង គ្រាប់ពូជបន្លែ៥កេស ធុងបាញ់ថ្នាំសម្លាប់សត្វល្អិត២ធុង គោ២ក្បាលផងដែរ៕