(កណ្តាល)៖ ស្រ្តីវ័យក្មេងដៃស្អិតម្នាក់ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅ ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពលូកយកទូរសព័្ទ ពីក្នុងហោប៉ាវរបស់នារីម្នាក់ ដែលកំពុងតែដើរទិញម្ហូប នៅក្នុងផ្សារតាខ្មៅចាស់ក្រុងតាខ្មៅ ស្ថិតក្នុងភូមិតាខ្មៅ​ ក្រុងតាខ្មៅ ​ខេត្តកណ្តាល នៅម៉ោង​៩៖​៥០ នាទីព្រឹក​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ។

បើតាមសំដីស្រ្តីរងគ្រោះឈ្មោះ ឌី រស្មី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ​មន្ត្រីនគរបាល នាយកដ្ឋានអត្តសណ្ណាណកម្ម​​ មានទីលំនៅភូមិភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រាប់ថា មុនកើតហេតុ គឺរូបគាត់កំពុងតែដើរ ទិញម្ហូបក្នុងផ្សារត្រង់ចំណុច កើតហេតុខាងលើ ដោយទុកទូរស័ទក្នុងហោប៉ាវ ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានស្រ្តីម្នាក់ បានដើរមកក្បែរ ហើយបានធ្វើការលូកហោប៉ាវ យកទូរសព័្ទម៉ាក​ iPhone 6s ​មួយគ្រឿង​របស់គាត់។ ភ្លាមៗនោះស្ត្រីរងគ្រោះបានដឹងខ្លួនទាន់ ក៏ស្រែកថា ចោរៗធ្វើឲ្យសន្តិសុខ ដែលយាមនៅមុខផ្សារ ដេញនិងចាប់បានជនសង្ស័យរួមទាំងវត្ថុតាងផងដែរ​។

បើតាមសមត្ថកិច្ចក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា ស្ត្រីដៃស្អិតនោះមានឈ្មោះ ទ្រី ស្រីនាង អាយុ១៦ឆ្នាំ មានទីលំនៅភូមិសំបូរមាស​ ឃុំនាងគង់ហ៊ីង​ ស្រុកកំពង់សៀមខេត្តកំពង់ចាម។ ក្រោយកើតហេតុ ស្ត្រីដៃស្អិត​រួមទាំងវត្ថុតាងមានទូរសព័្ទ iPhone 6s ត្រូវបានបញ្ជួនកនកាន់ អធិការនគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនិតិវិធី៕