(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសមួយ ស្នើឱ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ ដែលបានកំពុងធ្វើសកម្មភាពដែលមានចរិតបំផុស ញុះញង់ធ្វើឱ្យប៉ះពាល់ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កភាពចលាចវឹកវរក្នុងសង្គម។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសេចក្តីប្រកាសរបស់ខ្លួន ក្រសួងមហាផ្ទៃ បានអះអាងថា «ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមានតាធម្មជាតិ បានកំពុងធ្វើសកម្មភាពក្រោមរូបភាព ដែលមានអង្គការចាត់តាំងច្បាស់លាស់ មិនបានចុះឈ្មោះក្នុងបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលឡើយ។ ទន្ទឹមនេះ ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ បានកំពុងធ្វើសកម្មភាពដែលមានចរិតបំផុស ញុះញង់ធ្វើឱ្យប៉ះពាល់ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កភាពចលាចវឹកវរក្នុងសង្គម តាមរយៈការប្រើប្រាស់បណ្តាញសង្គម និងបណ្តាញព័ត៌មានមួយចំនួនទៀត ដើម្បីផ្សព្វផ្សាយអត្ថបទ ខិត្តប័ណ្ណរូបភាពនានា ខ្សែវីដេអូ ព្រមទាំងបានធ្វើបាតុកម្មដោយគ្មានច្បាប់អនុញ្ញាតថែមទៀតផង»

ក្រសួងមហាផ្ទៃ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ សូមមេត្តាកុំចូលរួមក្នុងសកម្មភាពខុសច្បាប់របស់ក្រុមនេះ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីធានារក្សាសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ ជាពិសេសទប់ស្កាត់នូវរាល់ការបង្កភាពអាណាធិបតេយ្យ និងបង្កចលាចលវឹកវរនៅក្នុងសង្គម ក្នុងអំឡុងពេលដែលប្រជាពលរដ្ឋទាំងមូលកំពុងរៀបចំប្រារព្ធពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌនេះ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ៖