(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ដែលជាថ្ងៃដំបូងនៃការបើកដំណើរការសាលារៀនឡើងវិញ ក្នុងដំណាក់កាលទី២ បានអំពាវនាវដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមប្រកាន់ភ្ជាប់នូវការអនុវត្តន៍វិធានការណ៍សុវត្ថិភាពសុខភាព ដើម្បីការពារការចម្លងជំងឺកូវីដ១៩។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណផងដែរ ដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ ដែលចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឲ្យធានាបាននូវសុវត្ថិភាព ដល់សិស្សានុសិស្ស បុគ្គលិកអប់រំ មាតាបិតា ក៏ដូចជាសហគមន៍ទាំងមូល។

លោក រដ្ឋមន្ត្រីបន្តថា «ខ្ញុំសូមបន្តអំពាវនាវដល់លោកគ្រូ អ្នកគ្រូបន្តគោរពអនុវត្ត ទៅតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងការធានាស្តង់ដាសុវត្ថិភាព អនាម័យ។ ជាពិសេបន្តបង្ហាត់បង្រៀនសិស្សឲ្យលាងដៃ ឲ្យបានញឹកញាប់ ហើយអនុវត្តទៅតាមការណែនាំរាជរដ្ឋាភិបាល»

សូមជម្រាបថា បើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ នៅថ្ងៃដំបូងនៃដំណើរការបើកសាលារៀនឡើងវិញ នៅដំណាក់កាលទី២ បានប្រព្រឹត្តទៅដោយរលូន ខណៈគណៈគ្រប់គ្រងសាលាបានអនុវត្តការរៀបចំ តាមការណែនាំបានល្អរបស់ក្រសួង។

បើតាមលោក រស់ សុវាចា នៅពេលបើកដំណើរការសាលារៀនឡើងវិញនេះ មាតាបិតា បានរៀបចំ នំចំណីអាហារ ទឹកស្អាត ឲ្យកូនៗរបស់ពួកគាត់យកទៅតាមខ្លួនផងដែរ ដើម្បីធានាសុវត្ថិភាព។

អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ទៀតថា សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈដែលមានសិស្ស ថ្នាក់ទី៩ និងថ្នាក់ទី១២ នៅទូទាំងប្រទេស បានចាប់ផ្តើមចូលរៀនឡើងវិញ នៅថ្ងៃទី០៧ ខែកញ្ញានេះ សម្រាប់ដំណាក់កាលទី២។ ចំណែកការអនុញ្ញាតឲ្យសិស្សគ្រប់កម្រិត ចូលរៀនឡើងវិញ មានសម្រាប់តែទីរួមខេត្តចំនួន៤ទេ គឺទីរួមខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី។

លោក រស់ សុវាចា បានឲ្យដឹងថា មូលហេតុដែលក្រសួង សម្រេចអនុញ្ញាតឲ្យខេត្តទាំង៤ បើកសាលារៀនវិញគ្រប់កម្រិត ដោយសារតែខេត្តនេះ មានហានីភ័យឆ្លងជំងឺកូវីដ-១៩ ក្នុងកម្រិតទាប។ ក្រៅពីនេះ ក្រសួងអប់រំ យុវជន និងកីឡា បាន និងបន្តពិនិត្យលទ្ធភាពជាក់ស្តែងបើកដំណើរការ គ្រឹះស្ថានសិក្សាសាធារណៈ តាមរាជធានី-ខេត្តផ្សេងទៀត តាមទ្រង់ទ្រាយតូច និងឆ្លាស់វេនគ្នា។

លោកបន្ថែមថា ក្រៅពីនេះគ្រឹះស្ថានសិក្សាឯកជន ចំនួនប្រមាណ៣០០កន្លែង ពីកម្រិតមត្តេយ្យ ដល់ឧត្តមសិក្សា បាននិងកំពុងចាប់ផ្តើមបើកដំណើរការឡើងវិញ សម្រាប់ដំណាក់កាលទី២ ចាប់ពីថ្ងៃទី០៧ ខែកញ្ញានេះជាបន្តបន្ទាប់ ក្រោយពីក្រសួងអប់រំ ចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់ដល់ទីតាំងសាលា អំពីការអនុវត្តវិធានការណ៍សុវត្ថិភាពសុខភាព។

លោកសង្កត់ធ្ងន់ថា ទាំងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ដំណើរការឡើងវិញ បានត្រូវអនុវត្តតាមសេចក្តីណែនាំ និងគោលការប្រតិបត្តិស្តង់ដារ សម្រាប់បើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទកូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា៕