(កំពង់ធំ)៖ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ សាលាខេត្តកំពង់ធំ បានរៀបចំបិទសន្និបាត បូកសរុបលទ្ធផល ការងារប្រចាំ ឆ្នាំ២០១៥ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តកំពង់ធំក្រោមអធិបតីភាពលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួង មហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
នៅក្នុងពិធីនេះក៏មានការចូលរួមពីលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ អភិបាលរង សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានអង្គភាពមន្ទីរជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក មេឃុំ ចៅសង្កាត់និងកងកំលាំង ទាំងបីប្រភេទ ព្រមទាំងដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិជាង៤០០នាក់។

លោក អ៊ុត សំអន បានរាយការណ៍ថា សមិទ្ធផលយ៉ាងច្រើនដែលបានសម្រេចនៅក្នុងខេត្តនាពេលនេះ បានមកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ប៉ុន្តែយើងក៏នៅមានកិច្ចការមួយចំនួនទៀតនៅសេសសល់និងចន្លោះ ប្រហោង ដែលតម្រូវឲ្យយើងខិតខំដោះស្រាយបន្តជូនប្រជាពលរដ្ឋ ក្នុងនោះបញ្ហាដីធ្លី ការរុករាន និងការរំលោភយកដីរដ្ឋ។
ជាមួយគ្នានេះ នៅតែមានបញ្ហាព្រៃឈើជនឆ្លៀតឱកាសខ្លះ នៅតែមិនខ្លាចច្បាប់ កាប់រានដឹព្រៃ កាប់ឈើ ដឹកជញ្ជូន ការធ្វើសន្និធិ ឈួសឆាយនៅតែមាន បញ្ហាជលផល ការលបលួចនេសាទ ការទប់ស្កាត់បទល្មើសនេសាទ និងការបង្ក្រាបបទល្មើសនេសាទ នៅតែមានការលំបាក ប្រៀបដូចវែកចក ដោយខ្វះមន្ត្រីជំនាញ ប្រជាពលរដ្ឋខ្វះការយល់ដឹងពីផ្លូវច្បាប់ បញ្ហាគ្រោះថ្នាក់ចរាចរណ៍  អាត្រាគ្រោះថ្នាក់នៅតែមានច្រើនដដែល ដោយកត្តាមនុស្សបើកបរមិនសូវគោរពច្បាប់ បញ្ហាសេវាសាធារណៈ កន្លែងខ្លះនៅមិនទាន់ ឆ្លើយតបបានទាន់ពេលវេលាជូនប្រជាពលរដ្ឋទាំងអស់។ ខាងលើនេះគឺតម្រូវឲ្យយកចិត្តទុកដាក់ ដោះស្រាយបន្តអោយមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ ហើយសុំឲ្យមានកិច្ចសហការល្អ ទាំងមន្ត្រី ទាំងប្រជាពលរដ្ឋ ទើបអ្វីៗបានប្រសើរឡើង។

លោក ជូ គឹមអេង បានប្រាប់ឲ្យថ្នាក់ដឹកនាំទាំងអស់ ត្រូវពង្រឹងសមត្ថភាពមន្ត្រីរដ្ឋបាល និងផ្នែកច្បាប់ត្រូវពន្យល់ប្រជាពលរដ្ឋ ឲ្យបានយល់ពីច្បាប់ ហើយចូលរួមទាំងអស់គ្នា ពិសេសគឺសមត្ថកិច្ចត្រូវមានឆន្ទៈ។ ត្រូវផ្តល់សេវាសាធារណៈឱ្យបានល្អជូនប្រជាពលរដ្ឋ ត្រូវបង្កើន នូវភាពទទួលខុសត្រូវ ត្រូវបង្កើនការដោះស្រាយជូន ប្រជាពលរដ្ឋនូវអ្វីដែលសេសសល់ ត្រូវគោរពជំនាញវិជ្ជាជីវៈ របស់ខ្លួនត្រូវពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ថ្មី ឱ្យបានម៉ឹងម៉ាត់ដោយចាប់ពីថ្នាក់ដឹកនាំរហូតដល់មន្ត្រី៕