(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបសំណេះសំណាលជាមួយ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានស្នើដល់កងកម្លាំងនគរបាលជាតិ បន្ដចូលរួមសហការជាមួយមន្ទីរសាធារណការ ដើម្បីចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងកែច្នៃរថយន្ដខុសច្បាប់។

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា យានដ្ឋានកែច្នៃរថយន្ដខុសច្បាប់ទាំងអស់នេះ ក៏ជាដើមចមដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបង្កលក្ខណៈឲ្យរថយន្ដដឹកលើសចំណុះផងដែរ ដូច្នេះដើម្បីធានាសុវត្ថិភាពចរាចរណ៍ និងកុំឲ្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេស មានបើកលើផ្លូវបន្ដទៀត ត្រូវតែអនុវត្តពីដើមទីតែម្ដង។

ក្នុងជំនួបដែលមានការចូលរួមពីថ្នាក់ដឹកនាំនគរបាលពាក់ព័ន្ធជាច្រើនរូបទៀតផងនោះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានទទួលយកសំណើនេះដោយក្ដីរីករាយ និងដាក់បទបញ្ជាភ្លាមៗ ទៅនាយកដ្ឋានជំនាញ ស្នងការរាជធានី-ខេត្តទាំង២៥ ត្រូវសហការជាមួយមន្ទីរសាធារណការ ដើម្បីចុះពិនិត្យ និងបង្ក្រាបទីតាំងកែច្នៃយានយន្ដខុសច្បាប់ឲ្យអស់ពីមូលដ្ឋាន។

នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «ចំពោះសំណើនេះ សូមឲ្យស្នងការរាជធានី-ខេត្ត សហការជាមួយមន្ទីរសាធារណការ ធ្វើសេនាធិការជូនគាត់ ហើយចាប់ដៃគាត់ធ្វើរឿងនេះ (យានដ្ឋានកែច្នៃរថយន្ដខុសច្បាប់)។ យើងឯកភាពគ្នាក្រោមការដឹកនាំរបស់សម្ដេចក្រឡាហោម ក្រោមការដឹកនាំរបស់ទេសរដ្ឋមន្ដ្រី យើងប្ដេជ្ញាចិត្តថាត្រូវតែដោះពីដើមទី បានន័យថា កន្លែងជួសជុល កន្លែងធ្វើយានកែច្នៃ»

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានដាក់បញ្ជាទៅកាន់ស្នងការខេត្តទាំងអស់ថា មកទល់ម៉ោងនេះ មិនមែនជាពេលវេលាត្រូវអប់រំ ម្ចាស់ទីតាំងដែលគ្មានច្បាប់អនុញ្ញាតទៀតនោះទេ គឺត្រូវអនុវត្តតាមផ្លូវច្បាប់ ហើយប្រសិនបើម្ចាស់ទីតាំងមិនអនុវត្តទៀត គឺត្រូវឃាត់ខ្លួនម្ចាស់ទីតាំងនោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្ដង។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានសំណូមពរដល់ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល សូមណែនាំបន្ថែមទៅកាន់មន្ទីរសាធារណការរាជធានី-ខេត្ត ដើម្បីឲ្យអ្នកឯកទេស ទៅគ្រប់គ្រង និងណែនាំអំពីបច្ចេកទេសដល់ទីតាំងយានដ្ឋានតែម្ដង ដើម្បីកាត់បន្ថយហានិភ័យ។ នាយឧត្តមសេនីយ៍ អះអាងថា ការងារនេះ គឺត្រូវតែរួមគ្នារវាងជំនាញសាធារណការ និងកងកម្លាំងទើបអាចអនុវត្តបានជោគជ័យ។

គួរជម្រាបថា កន្លងទៅលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបង្ហាញអំពីការប្ដេជ្ញាចិត្តដែរថា ក្រសួង សាធារណការ និងពង្រឹងការសហការជាមួយស្ថាប័នពាក់ព័ន្ធ រឹតបន្តឹងចំពោះយានដ្ឋានកែច្នៃយានយន្តខុសច្បាប់ និងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលជាមូលហេតុចម្បងធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងការខូចខាតផ្លូវមុនអាយុកាល ឲ្យបានជោគជ័យ។

រហូតមកដល់ពេលនេះ គេសង្កេតឃើញថា មន្ដ្រីសាធារណការ និងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងរួមដៃគ្នាផងដែរ ដើម្បអនុវត្តការងារនេះ ហើយក៏បានចុះពិនិត្យ និងបិទយានដ្ឋានមួយចំនួនជាបន្ដបន្ទាប់ផងដែរ៕