(បន្ទាយមានជ័យ)៖ ជាយុទ្ធសាស្រ្តរបស់លោក កែ គឹមយ៉ាន ប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ កែប្រែផ្ទះប្រជាពលរដ្ឋ ពីការប្រកស្លឹក ប្រកស្បូវ ទៅជាការប្រកស័ង្កសីនោះ ក្រុមការងារទាំងអស់ បានខិតខំយ៉ាងខ្លាំង ចុះយុទ្ធនាការ ជាបន្តបន្ទាប់តាមមូលដ្ឋាន តាមរយៈការជួយជួសជុល និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋ នៅតាមភូមិឃុំ យ៉ាងនឿយហត់ជាទីបំផុត។ សម្រាប់ប្រជាពលរដ្ឋ ដែលមានជីវភាព ខ្វះខាតរស់នៅលើទឹកដី ស្រុកស្វាយចេក ត្រូវបានគេមើលឃើញថា ផ្ទះនីមួយៗដែលពី មុនតូច ចាស់ទ្រុឌទ្រោម និងប្រកស្លឹក ប្រកស្បូវ ឥឡូវបានកែប្រែទៅជាដំបូងសុទ្ធ តែស័ង្កសីសម្រាប់ការស្នាក់នៅប្រចាំថ្ងៃ។

តាមរយៈសកម្មភាពទាំងនោះ គេឃើញវត្តមាន លោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងក្រុមការងារ បានបង្ហាញវត្តមាន ជាញឹកញាប់នៅតាមមូលដ្ឋាន ជាពិសេសកងកម្លាំងនគរបាល បានចុះទៅជួយជួសជុល និងសាងសង់ផ្ទះប្រជាពលរដ្ឋ ព្រមទំាំងការជួយអន្តរាគមន៍ ភ្លាមៗ នៅពេលដែលជួបគ្រោះអ្វីមួយដូចជា គ្រោះធម្មជាតិជាដើម។

លោកស្នងការ ខេត្តបន្ទាយមានជ័យ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប ក្នុងជួរគណបក្ស ប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ចុះជួយស្រុកស្វាយចេកផងនោះ ក្រោមការណែនាំ របស់លោក កែ គឹមយ៉ាន បានចុះជួបជាមួយប្រជាពលរដ្ឋជាប្រចាំ ព្រមទាំងការ នាំយកអំណោយ និងការជួយដោះស្រាយបញ្ហា ជាក់ស្តែងជូនពួកគាត់ផងដែរ។

ជាពិសេសនោះ គឺការដឹកនាំត្រួតពិនិត្យ និងការជួសជុល ប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធនៅទីនោះ ដែលធ្វើឲ្យ ប្រជាពលរដ្ឋមានការកែប្រែ ជីវភាពរបស់ពួកគាត់ យ៉ាងខ្លាំងពីមួយពេលទៅមួយពេល។ ជាក់ស្តែងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ អាត់ ខែម និងលោកឧកញ៉ា ហង្ស ស៊ីផា បាននាំយក ស័ង្កសីចំនួន១ពាន់សន្លឹក ទៅប្រគល់ថ្នាក់ដឹកនាំស្រុកស្វាយចេក ដើម្បីបន្តទុក ជួយសាងសង់ និងជួសជុលផ្ទះប្រជាពលរដ្ឋ នៅតាមភូមិបន្តទៀត។

លោកឧត្តមសេនីយ៍ អាត់ ខែម បានថ្លែងថា ស័ង្កសីទាំងនេះ គឺជាអំណោយរបស់លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដែលបានជំរុញឲ្យក្រុមការងារ បន្តចុះជួយសាងសង់ផ្ទះជូនពលរដ្ឋ ឲ្យលែងមានប្រកស្លឹក និងប្រកស្បូវតទៅទៀត។ ជាថ្មីម្តងទៀត លោកស្នងការបាន នាំយកការសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដល់ថ្នាក់ដឹកនាំ ស្រុកទាំងអស់ ហើយខិតខំធ្វើការបម្រើ ប្រជាពរលដ្ឋប្រកបដោយឆន្ទៈខ្ពស់ ធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋមានភាពស្ងប់អារម្មណ៍ សម្រាប់ការរស់នៅប្រចាំថ្ងៃ៕