(កូឡាឡុំាពួ)៖ ម៉ាឡេស៊ី គឺកំពុងមានហានិភ័យខ្ពស់ នៃការរីករាលដាលពីវីរ៉ុស Zika ដោយសារប្រទេសមួយនេះ មានអត្រាសត្វមូស Aedes ក្នុងចំនួនយ៉ាងច្រើន ហើយខ្វះភាពសុំាជាមួយមេរោគមួយនេះ, នេះបើតាមការឲ្យដឹងពីក្រសួងសុខាភិបាលម៉ាឡេស៊ី ចេញផ្សាយដោយព័ត៌មាន Channel News Asia នៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ។

អគ្គនាយករងមន្ទីរសុខាភិបាលម៉ាឡេស៊ី លោក Lokman Hakim Sulaiman បានឲ្យដឹងតាមរបាយការណ៍មួយថា វីរ៉ុស​ Zika គឺជាការគម្រាមកំហែងយ៉ាងខ្លាំង ដោយវាអាចបណ្តាលឲ្យទារកកើតមក មានក្បាលតូចខុសពីធម្មតា។ ជាផ្នែកមួយនៃការត្រួតពិនិត្យ របស់ក្រសួង លើមនុស្ស២៨៨នាក់ ដែលមិនមានជំងឺគ្រុនឈាម ពួកគេទាំងអស់ ត្រូវបានធ្វើតេស្តដឹងថា មិនមានផ្ទុកវីរ៉ុស Zika នោះទេ។
ក្រសួងបាននឹងកំពុងផ្សព្វផ្សាយ​ទៅគ្រប់ភ្ញៀវទេសចរទាំងអស់ ដែលមកពីតំបន់អាមេរិកកណ្តាល និងអាមេរិកខាងត្បូង ឬក៏ប្រជាជន​ប្រទេសដទៃទៀត ដែលបានធ្វើដំណើរទៅកាន់ទ្វីបអាម៉េរិក ដើម្បីរាយការណ៍ពីពួកគេ ទៅកាន់ការិយាល័យ​សុខភាពដែល​ជិតបំផុត នៅពេលដែលពួក​គេមកដល់​ម៉ាឡេស៊ី។ ក្រសួងក៏បានអំពាវនាវឲ្យសាធារណជនជួយគ្រប់គ្រង ការរីករាលដាលនៃសត្វមូស Aedes និងជំងឺគ្រុនឈាមផងដែរ ដោយជំងឺមួយនេះ បានប៉ះពាល់ដល់មនុស្សរាប់ពាន់នាក់ នៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជារៀងរាល់ឆ្នាំ។

សូមជំរាបថា បច្ចុប្បន្នមិនទាន់ការព្យាបាលណាមួយ អាចធ្វើទៅបានលើជំងឺ Zika នោះទេហើយប្រធានសុខាភិបាល កំពូលរបស់សហរដ្ឋអាមេរិក បានព្រមាន នៅថ្ងៃព្រហស្បតិ៍ថា ការផលិតវាក់សាំង ត្រូវចំណាយពេលជាច្រើនឆ្នាំ៕