(ភ្នំពេញ)៖ ចោរមួយក្រុមបានលួចចូលគាស់ផ្ទះប្រជាពលរដ្ឋលក់ថ្នាំពេទ្យ នៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នៅខណ្ឌច្បារអំពៅ ដោយយកលុយ គ្រឿងអលង្ការ និងទ្រព្យសម្បត្តិអស់ប្រមាណ១៥០០០ដុល្លារ រួចហើយរត់គេចខ្លួនបាត់ ខណ:ដែលសមត្ថកិច្ច បានចុះទៅពិនិត្យទ្រព្យសម្បត្តិ និងឥវ៉ាន់ជាច្រើនរាយរប៉ាត់រប៉ាយពេញផ្ទះ។

មន្រ្តីអាវុធហត្ថខណ្ឌច្បារអំពៅ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះថា ករណីក្រុមចោរលួច ចូលគាត់ផ្ទះជនរងគ្រោះលក់ថ្នាំពេទ្យ ឈ្មោះ កង សុខន អាយុ៥៧ឆ្នាំ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុម១១ភូមិអូអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយក្រុមចោរយកអស់នូវទ្រព្យសម្បត្តិសរុប១៥០០០ដុល្លារ រួមមាន ប្រាក់ដុល្លារ ចំនួន២០០$ ប្រាក់រៀល ចំនួន ២លានរៀល ទូរសព្ទ័iphone6 ចំនួន៣គ្រឿង និងកុំព្យួទ័រ ចំនួន១គ្រឿង។

នៅវេលាម៉ោងប្រហែល៧៖០០នាទីព្រឹក ម្ចាស់ផ្ទះបានចាក់សោររួចចេញទៅធ្វើការរហូត ពេលត្រឡប់មកផ្ទះវិញម៉ោង៧៖៣០នាទី ស្រាប់តែឃើញផ្ទះរបើកទ្វារផ្នែកខាងក្រោយក៏ដើរចូល ទៅមើលឃើញស្នាមរើកកាយយកទ្រព្យសម្បត្តិនៅក្នុងផ្ទះអស់ មួយចំនួន ក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នកម្លាំងនគរបាល និងអាវុធហត្ថខណ្ឌកំពុងធ្វើការស្រាវជ្រាវបន្ត៕