(បាត់ដំបង)៖ លោក នឹម ថូត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកថ្មគោល បានប្រកាសដល់ក្រុមសមាជិកសមាជិករបស់ខ្លួន ត្រូវបន្តសកម្មភាពកាន់តែខ្លាំងឡើង លើការចុះជួយដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីពង្រឹងការងារបក្សកាន់តែល្អប្រសើរ និងបានដឹងសុខទុក្ខរបស់ពួកគាត់ រាយការណ៍ជូនថ្នាក់ដឹកនាំ។

ការថ្លែងបែបនេះ ខណៈដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំផ្សព្វផ្សាយ ខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៣៩ អាណត្តិទី៥ របស់គណបក្ស ប្រជាជនកម្ពុជា នៅទីស្នាក់ការបក្សស្រុក នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកថ្មគោលនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦។ នៅក្នុងពិធីកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួម ពីសំណាក់លោក អ៊ូច អ៊ាង ប្រធានគណបក្សស្រុក លោក សម ណេង អនុប្រធានគណបក្សស្រុក ប្រធានគណបក្សឃុំទាំង១០ សាខាបក្សភូមិ សមាជិកសមាជិកាបក្ស ទូទាំងស្រុកសរុប៣៨០នាក់។

លោក នឹម ថូត បានជម្រាបជូនដល់មន្ត្រីបក្ស ដែលបានចូលរួមទាំងអស់ ជាពិសេសមន្រ្តីបក្សមកពី តាមមូលដ្ឋាន ភូមិ ឃុំ ទូទាំងស្រុក បានជ្រាប និងស្វែងយល់អំពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៣៩ អាណតិ្តទី៥ របស់គណបក្សប្រជាជន កម្ពុជា។

លោកបានបញ្ជាក់បន្ថែម អំពីខ្លឹមសារសំខាន់ៗ មួយចំនួន ដែលមានដូចជា ចំណុចខ្លាំងនិងចំណុចខ្វះខាត នៃការងារពង្រឹង កសាងបក្សលើគ្រប់វិស័យ និងការដាក់ចេញនូវទិសដៅភារកិច្ចឈានទៅកាន់ជ័យជំនះនៅក្នុងការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតសកលជ្រើសតាំង តំណាងរាស្ត្រឆ្នាំ២០១៨ ។

លោក នឹម ថូត បានប្រាប់ដល់មន្រ្តីបក្សទាំងអស់ថា «គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវ គោលការណ៍យកប្រជាជនជាធំ ដើម្បីបម្រើប្រជាជន និងដើម្បីប្រទេសជាតិយើង។ គណបក្សមានមហិច្ឆតាក្នុងការកសាងប្រទេសជាតិ យើងឲ្យរីកច្រើន និង រុងរឿង ដើម្បីឲ្យកូនចៅជំនាន់ក្រោយរបស់យើង បានរស់នៅក្នុងសុខសន្តិភាពបានយូរអង្វែង ជាពិសេស ដើម្បីធ្វើឲ្យប្រទេសជាតិ យើងអាចធ្វើម្ចាស់ជោគវាសនារបស់ជាតិយើង ដោយខ្លួនឯងដោយមិននៅក្រោមគំនាប របស់នរណាម្នាក់ ឬប្រទេសណាមួយឡើយ»

ក្នុងន័យនេះលោកបានស្នើដល់មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ ឱ្យបន្តខិតខំធ្វើអំពើល្អ និងចេះកែលំអរនូវចំណុចខ្វះខាត និងភាពអសកម្មទាំងឡាយកន្លងមក ហើយតម្កល់ផលប្រជាយោជន៍ជាតិ និងប្រជាជនជាធំ ដើម្បីបន្តទាក់ទាញនូវការគាំទ្រពី សំណាក់ប្រជាជន។ ជាមួយគ្នានេះត្រូវបន្តខិតខំផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ជូនដល់ប្រជាជន ឱ្យបានល្អ។

ជាមួយគ្នានេះ លោកក៏បានលើកឡើង និងធ្វើការបកស្រាយពន្យល់នូវខ្លឹមសារពាក់ព័ន្ធ នឹងប្រធានបទសំខាន់ៗមួយចំនួនជូនដល់មន្រ្តី បក្សទាំងអស់ សម្រាប់យកទៅធ្វើជាមូលដ្ឋានក្នុងការធ្វើឃោសនានៅតាមមូលដ្ឋានភូមិឃុំរបស់ខ្លួន ដូចជា សមទ្ធិផល និងលទ្ធផលនៃការកែទម្រង់របស់រាជរដ្ឋាភិបាលពិសេស ការខិតខំរបស់ប្រមុខនៃរាជរដ្ឋាភិបាល ក្នុងការដោះស្រាយ សំណូមពរ ផ្សេងៗរបស់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ទៀតថា ដាច់ខាតគណបក្សប្រជាជនកម្ពុជា និងដណ្តើជ័យជម្នះការបោះឆ្នោតឃុំ សង្កាត់២០១៧ និងបោះឆ្នោតសកលឆ្នាំ២០១៨ បន្តដឹកនាំប្រទេសជាតិនៅអាណត្តិជាបន្តបន្ទាប់ទៀត ខណៈដែលគណបក្សប្រឆាំង កំពុងបែកបាក់ផ្ទៃក្នុង។ និងបានលើកឡើងពីសភាពការជាតិ និងអន្តរជាតិមកជម្រាបជូនសមាជិកបក្សថា គ្មានអ្វីគួរឲ្យកត់សម្គាល់ឡើយ។

បន្ទាប់ពីសំណេះសំណាលរួច លោក នឹម ថូត និងលោក លី ឌីនូរី ប្រធានក្រុមយុវជនបក្សស្រុក បានដឹកនាំក្រុមការងារចុះចែកអំណោយ ដល់ជនចាស់ជរាក្រីក្រ ឥតទីពឹង១គ្រួសារ នៅចំណុចទួលព្រៃលាវក្នុងភូមិថ្មីឃុំបន្សាយត្រែង ស្រុកថ្មគោល មានអង្ករ៥០គីឡូក្រាម ទឹកស៊ីអ៊ីវ ត្រី ២យួរ មី១កកេសផងដែរ៕