(ភ្នំពេញ)៖ មូលនិធិ «វណ្ណេត សុវណ្ណភូមិ» និងសប្បុរសជនននានា បានរួមគ្នាផ្តល់អំណោយជាសម្ភារសិក្សាជូនដល់ «គ្រួសារកុមារកំព្រាឈូករ័ត្ន» ប្រមាណ២០០នាក់ រស់នៅភូមិគោគខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជាថ្មីម្តងទៀត មូលនិធិ «វណ្ណេត សុវណ្ណភូមិ» នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានរៀបចំកម្មវិធីប្រគល់សម្ភារសិក្សា និងស្បៀងអាហារទុកបម្រុងសំរាប់កុមារកំព្រារៀនសូត្រជាច្រើននាក់ ដោយមានការចូលរួមពីសំណាក់សប្បុរសជនជាច្រើនរូប ដែលសុទ្ធសឹងតែជាអ្នកមានចិត្តស្រឡាញ់កុមារកំព្រា និងកន្លងមកសុទ្ធសឹងជាកូនកំព្រាដែរ ក្នុងនោះក៏មានការចូលរួមពី លោក យុត្ថារា ឆានី ម្ចាស់គម្រោងដីឡូ វណ្ណេត សុវណ្ណភូមិ និងលោក សាន វណ្ណេត ម្ចាស់មូលនិធិ «វណ្ណេត សុវណ្ណភូមិ»។

ជាមួយគ្នានោះដែរ មូលនិធិ «វណ្ណេត សុវណ្ណភូមិ» ក៏បានអរគុណដល់សប្បុរសជនទាំងអស់ដែលបានគាំទ្រ និងពេញចិត្តដល់មូលនិធិរបស់ខ្លួន ក្នុងការរួមគ្នាជួយដល់កុមារកំព្រានៅក្នុងប្រទេសកម្ពុជា ហើយគោលបំណងរបស់មូលនិធិនេះ គឺចង់ឃើញកុមារកំព្រា និងក្រីក្រមានសម្ភារគ្រប់គ្រាន់បានចូលសិក្សានៅសាលាដូចសិស្សធម្មតាផ្សេងទៀត។

នាឱកាសនោះលោក យុត្ថារា ឆានី ជាតារាសម្តែងជើងចាស់ និងជាម្ចាស់គម្រោងដីឡូ វណ្ណេត សុវណ្ណភូមិ ក៏បានថ្លែងរៀបរាប់ពីការរំភើបចិត្ត ពេលដែលបានជួយដល់កុមារកំព្រាកំពុងមានការខ្វះខាត និងមានបំណងចង់ចូលសិក្សានៅសាលា។

លោកគាំទ្រយ៉ាងពេញទំហឹងចំពោះការជួយដល់កុមារនៅកម្ពុជា និងអរគុណដល់សប្បុរសជននានាដែលចូលរួមជាមួយនឹងមូលនិធិ «វណ្ណេត សុវណ្ណភូមិ» ក្នុងការជួយចូលរួមជាថិវកា ក៏ដូចជាសម្ភារនានា ជូនដល់កុមារក្រីក្រ និងកំព្រា ហើយលោកក៏បានអំពាវនាវដល់សប្បុរសជនផ្សេងៗទៀត ដែលមានបំណងចង់ជួយដល់កុមារនៅកម្ពុជា អាចសហការជាមួយនឹងរូបលោកបាន ហើយលោកគាំទ្រជានិច្ច។

លោកបន្ថែមទៀតថា ថវិកាដែលលោកយកមកធ្វើជាការឧបត្ថមជួយដល់ដល់កុមារកំព្រា និងក្រីក្រនាពេលនេះ គឺបានមកពីប្រាក់ចំណេញមួយចំណែកពីគម្រោងដីឡូ «វណ្ណេត សុវណ្ណភូមិ» ហើយលោកក៏បានបង្ហាញចក្ខុវិស័យរបស់លោកថា នឹងបន្តជួយបន្ថែមទៀត ក៏ព្រោះតែចង់ឃើញកុមារទាំងអស់នោះមានសាលា និងហូបចុក បានត្រឹមត្រូវ។

ជាមួយគ្នានោះដែរ លោក សាន វណ្ណេត ប្រធានមូលនិធិ «វណ្ណេត សុវណ្ណភូមិ» និងជាអនុប្រធានសាខាសកម្មជនយុវជនគណបក្សរាជធានី បានបញ្ជាក់ថា «ខ្ញុំជាក្មេងកំព្រាឪពុកតាំងពីរៀនថ្នាក់ទី១ និងជាក្មេងឃ្វាលទារស់នៅជាមួយម្តាយ និងបងប្អូន ម្តាយខ្ញុំតស៊ូចិញ្ចឹមខ្ញុំ អោយរៀនសូត្ររហូតដល់មានសព្វថ្ងៃនេះ។ ខ្ញុំបានសម្រេចចិត្តបង្កើតមូលនិធិ «វណ្ណេត សុវណ្ណភូមិ» នេះឡើង ដើម្បីចូលរួមចំណែកផ្តល់ឱកាសដល់កូនក្មួយកុមារកព្រា បានសិក្សារៀនសូត្រដូចកុមារដទៃទៀត ក៏ដូចជាការចូលរួមអភិវឌ្ឍន៍ ធនធានមនុស្ស និងសង្គមជាមួយរាជរដ្ឋាភិបាល ដើម្បីឲ្យប្រទេសជាតិរីកចំរើនកាន់តែរីកចម្រើនខ្លាំងជាងសព្វថ្ងៃនេះទៀត»

ប្រធានមូលនិធិ «វណ្ណេត សុវណ្ណភូមិ» រូបនេះ ក៏បានថ្លែងអំណរគុណដល់សប្បុរសជននានាដែលតែងតែគាំទ្រ និងសហការ ក្នុងការជួយឧបត្ថមជាថវិកា និងសម្ភារមួយចំនួន ដល់ក្រុមកុមារកំព្រា និងក្រីក្រ នាពេលកន្លងមក សប្បុរសជនទាំងអស់អាចទាក់ទងមកតាមទូរស័ព្ទនេះបាន៖ 012344999/0965159999 ក្នុងការសហការជាមួយនឹងលោក។

សូមបញ្ជាក់ថា មូលនិធិ «វណ្ណេត សុវណ្ណភូមិ» បានបង្កើតឡើងនៅឆ្នាំ២០១៥ និងបានធ្វើសកម្មភាពមនុស្សធម៌ក្នុងមួយឆ្នាំមាន៣កម្មវិធី ឬច្រើនជាងនេះ មកទល់នឹងពេលនេះមូលនិធិដែលមានការគាំទ្រមួយនេះ ប្រារព្ធបាន២០លើករួចមកហើយ និងបានគៀងគររកជំនួយផ្តោតលើសម្ភារៈសិក្សា និងស្បៀងអាហារទុកបំរ៉ុងសម្រាប់កុមារកំព្រា សិក្សារៀនសូត្រ៕