(កំពង់ឆ្នាំង)៖ ព្រៃឈើស្រោងជាង ៣០ហិកតានៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចំណុចជើងភ្នំរលៀបគុយ ស្ថិតនៅក្នុងភូមិត្រាំឃ្លោក ឃុំជៀប ស្រុកទឹកផុស ត្រូវបានរក្សា ការពារបានល្អ ដោយសារការខិតខំប្រឹងប្រែងរក្សាការពាររបស់ប្រជាពលរដ្ឋ២គ្រួសារ ដែលបានស្នាក់នៅធ្វើចំការតំបន់នោះរយៈពេល ១៥ឆ្នាំមកហើយ ដែលបានសហការការពារជាមួយមន្ត្រីស្នាក់ការ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលជាគំរូដ៏ល្អមួយសំរាប់ពលរដ្ឋ និងមន្ត្រីមួយចំនួនតែងតែបាននាំគ្នាបំភ្លិចបំផ្លាញព្រៃឈើ នៅតំបន់នោះបាត់បងគ្មានសល់ ហើយនាំគ្នាងាកមកយកគំរូតាមពលរដ្ឋ ២គ្រួសារខាងលើនេះ។

លោក ភោគ ហៀង អាយុ៦៣ឆ្នាំ កសិកររស់នៅធ្វើចំការនៅជើងភ្នំរលៀបគុយ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះថា គ្រូសារគាត់ និងកូនរបស់គាត់មួយគ្រួសារទៀត បានមករស់នៅធ្វើចំការលើផ្ទៃដី ៥ហិកតា នៅតំបន់ជើងភ្នំរលៀបគុយនេះរយៈពេល ១៥ឆ្នាំមកហើយ។ ក្នុងតួនាទីជាប្រជាពលរដ្ឋម្នាក់ត្រូវតែមានមនសិកា ជាតិ និងដោយសារមានទឹកចិត្តស្រឡាញ់ បរិស្ថានដើមឈើព្រៃភ្នំរបស់ជាតិ គួបផ្សំជាអ្នករស់នៅតំបន់នេះ ដើម្បីកុំឱ្យគេវាយតម្លៃថាលោកជាអ្នកឃុបឃិត កាប់បំផ្លាញ ដើមឈើក្នុងដែនជម្រកសត្វព្រៃផងនោះ កន្លងមករូបលោកបាន សហការរាយការណ៍ ឱ្យមន្ត្រីការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចុះមកទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ ចំពោះអ្នកចូលមកកាប់បំផ្លាញដើមឈើនៅក្នុងតំបន់នេះ ទើបមកដល់ពេលនេះដើម ឈើស្រោងៗគ្រប់ប្រភេទជាង៣០ហិកតាត្រូវបានរក្សាការពារបានគង់វង្សល្អ។

លោក ភោគ ហៀង បានបញ្ជាក់ឱ្យដឹងទៀតថា ទោះបីមានការខិតខំបែបណាក៏នៅមានការឆក់ល្វែងមួយពេលដែរ គឺនៅពេលភ្លៀងខ្លាំងស្តាប់សូរ រណាយន្តមិនឭ ពេលខ្លះក៏មានជនខិលខូច ចូលលួចអារកាត់យកដើមឈើធំៗក្នុងពេលភ្លៀងបានម្តងម្កាលដែរ។ តែបច្ចុប្បន្នឈ្មួញខិលខូចដែលឆ្លៀតឱកាស តែងតែចូលមកលួចកាប់ឈើ នៅតំបន់នេះ ដោយប្រើរូបភាពឡើងចងខ្សែពាក់កណ្តាលដើម បន្ទាប់មកគេយករណាដៃមកអារ បន្ទាប់ពីអារដាច់ហើយ គេក៏សម្រូតទម្លាក់ឱ្យរលំសន្សឹមៗ មិនឱ្យឮ សំឡេងរលំឡើយ លុះពេលព្រលប់ពួកគេក៏ដឹកចេញដោយសុវត្ថិភាពផងដែរ។

ដោយឡែក ដោយមានការស្រឡាញ់ដើមឈើនៅតំបន់នេះកន្លងមកក៏មានលោកឧត្តមសេនីយ និងលោកជំទាវមួយចំនួននៅក្រុងភ្នំពេញ បានមកលេងកំសាន្តជាមួយ សហការីជាបន្តបន្ទាប់ និងកំពុងធ្វើសាលាដំណាក់មួយខ្នងទុកជាកន្លែងសំណាក់ធម៌ និងជាកន្លែងស្នាក់នៅម្តងម្កាលពេលពួកគាត់មកលេងកំសាន្តផងដែរ ដែលនេះគឺជា ការរួមគ្នាការពារព្រៃឈើនៅតំបន់ព្រៃភ្នំឱ្យបានគង់វង្សល្អទៅអនាគត សម្រាប់ទុកឲ្យកូនចៅជំនាន់ក្រោយបានឃើញ។

ទោះបីបែបណាលោក ភោគ ហៀង ថា កន្លងមកថ្មីៗនេះសមត្ថកិច្ចចំរុះរបស់អាជ្ញាធរខេត្តបាននិងកំពុងតែចុះបង្ក្រាបអ្នកចូលកាន់កាប់ដី ដែនជម្រកសត្វព្រៃរបស់រដ្ឋ ដោយខុសច្បាប់ និងបានរឹបអូសយកដីទាំងអស់នោះទុកជាសម្បត្តិរបស់រដ្ឋវិញ។ ចំណែកដីចំការរបស់លោកនេះ ពេលលោកចូលមកកាន់កាប់ធ្វើជាចំការ គឺជាដីចំការចាស់នៅសល់ពីជំនាន់ប៉ុលពត លោកមិនបានគាស់រានដីព្រៃភ្នំយកមកធ្វើចំការនោះឡើយ៕