(ព្រៃវែង)៖ អនុវត្តតាមការណែនាំរបស់សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តព្រៃវែង ដើម្បីជួយសង្គ្រោះ​ស្រូវប្រជាកសិករ នៅថ្ងៃទី ៣០ ខែមករា លោក ផែង វណ្ណៈ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃំុព្រៃឃ្នេស ស្រុកមេសាង បានដឹកនាំសមាជិកក្រុមការងារ និងមេភូមិ មេឃំុ ចុះផ្ដល់ប្រេងម៉ាហ្ស៊ូតចំនួន ៨១០ លីត្រ ដើម្បីបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករចំនួន ១៦២ គ្រួសារ ស្មើនឹងផ្ទៃដីចំនួន ១១០ ហិកតា ស្ថិតនៅភូមិចំនួន ៩ ក្នុងឃំុព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ។

បន្ទាប់ពីផ្ដល់ប្រេងម៉ាហ្ស៊ូត និង បូមទឹកដាក់ស្រែជូនប្រជាកសិកររួចមក ក្រុមការងារបានបន្ត ចែកមូលនិធិសម្ដេចក្រឡាហោម ស ខេង ដល់ស្ត្រីសំរាលកូន និង គ្រួសារសព សរុបចំនួន ១៣ គ្រួសារដោយក្នុងមួយគ្រួសារៗទទួលបានថវិកាចំនួន ២០ មឺុនរៀល ។

លោក ផែង វណ្ណ: បានថ្លែងថា ជួសមុខឲ្យក្រុមការងារ និង ប្រជាកសិករនៅឃំុព្រៃឃ្នេសសូមថ្លែងអំណរគុណចំពោះលោកឧត្តមនាវាឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និង លោកស្រី ដែលបានផ្ដល់ថវិកាចំនួន ៥០០ ដុល្លាឧបត្ថម្ភដល់ក្រុមការងារយើងខ្ញុំដើម្បីទិញប្រេងម៉ាហ្សូតសង្គ្រោះស្រូវប្រាំងប្រជាកសិករ ៕